សិង្ហបុរី ស្វាគមន៍ជើងហោះហើរដំបូងក្រោមគម្រោង «មិនធ្វើចត្តាឡីស័ក» បន្ទាប់ពីប្រកាសត្រៀមខ្លួនរស់នៅជាមួយជំងឺកូវីដ-១៩
ទេសចរណ៍ September 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរ ១០០ នាក់មកពីប្រទេសអាឡឺម៉ង់ធ្វើដំណើរក្រោមគម្រោង »មិនធ្វើចត្តាឡីស័ក» បានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៨ ខែកញ្ញា។

ជើងហោះហើរ SQ325 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បានកត់សម្គាល់ការចាប់ផ្តើមនៃគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។

អ្នកដំណើរដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងធ្វើតេស្តរហូតដល់ទៅ ៤ដង នៃការធ្វើតេស្ត PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀត ដែលបានកំណត់ដូចជា ជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។ លោក Steven Ler ប្រធានសមាគមជាតិភ្នាក់ងារទេសចរណ៍សិង្ហបុរីបាននិយាយថា ជើងហោះហើរដំបូងក្រោមគម្រោង VTL គឺជារបកគំហើញមួយដ៏សំខាន់ក្រៅពីគម្រោងធ្វើដំណើរបែបពពុះ (travel bubble) ជាមួយទីក្រុងហុងកុងដែលមិនទទួលបានជោគជ័យ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus