រ៉ែមាសនៅតំបន់សំពៅលូន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងចាប់ផ្តើមបន្តរុករក ដោយក្រុមហ៊ុនរុឺនេសង់មកពីប្រទេសអូស្ត្រាលី នាពេលឆាប់ៗនេះ
សេដ្ឋកិច្ច September 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល នៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

នៅក្នុងជំនួបនោះខាងតំណាងក្រុមហ៊ុន បានស្នើដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ សូមជួយសហការជាមួយក្រុមហ៊ុន បង្កលក្ខណៈងាយស្រួល ក្នុងការរុករករ៉ែមាស នៅតំបន់នេះ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានស្វាគមន៍ដោយក្តីរីករាយចំពោះការមកវិនិយោគតំបន់រ៉ែមាស នៅខេត្តត្បូងឃ្មុំ ពិសេសក៏ស្នើដល់ក្រុមហ៊ុនត្រូវរក្សាចំនុចណាមួយសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ដោយធ្វើយ៉ាងណាកុំឱ្យមានការថ្នាំងថ្នាក់ធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា សព្វថ្ងៃមានប្រជាពលរដ្ឋមួយចំនួនបានកំពុងអាស្រ័យផលក្នុងតំបន់នោះ ដោយពួកគាត់ធ្វើសកម្មភាពរ៉ែជាលក្ខណៈគ្រួសារ ដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះសូមខាងក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង មេត្តាយោគយល់ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានសមរម្យ ។ ក្នុងនោះខាងក្រុមហ៊ុនបើអាចសុំផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ដើម្បីពួកគាត់មានការងារធ្វើចៀសវាងការធ្វើចំណាកស្រុក ទៅរកការងារធ្វើឆ្ងាយឬចេញទៅក្រៅប្រទេសជាដើម ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុន រុករករ៉ែ រ៉ឺនេសង់ មីនើរ៉ល លីមីធីត ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក មេត្តាផ្តល់កិច្ចសហការ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរ ការរុករករ៉ែធ្វើទៅបានរលូន ព្រោះគឺជាផលប្រយោជន៍ទាំងអស់គ្នាទាំងខាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន