វៀតណាម រៀបចំបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចឡើងវិញ ខណៈកោះ Phu Quoc ជាទិសដៅបើកដំបូង
ទេសចរណ៍ September 9, 2021 Khmernote

ប្រទេសវៀតណាមកំពុងរៀបចំផែនការអនុញ្ញាតឱ្យគោលដៅទេសចរណ៍មួយចំនួន បើកទទួលស្វាគមន៍អ្នកទេសចរបរទេសឡើងវិញ​ ដែលបានចាក់វ៉ាក់សាំង ២ដូសរួចរាល់ ដើម្បីស្ដារឧស្សាហកម្មទេសចរណ៍ឡើងវិញ។ យោងតាមក្រសួងវប្បធម៌កីឡា និងទេសចរណ៍ កោះ Phu Quoc នៅភាគខាងត្បូងខេត្ត Kien Giang នឹងក្លាយជាគោលដៅដំបូងដែលស្វាគមន៍ភ្ញៀវទេសចរបរទេស ក្រោមគម្រោង «លិខិតឆ្លងដែនវ៉ាក់សាំងសាកល្បង» ដែលនឹងត្រូវពង្រីកនៅពេលក្រោយសម្រាប់កន្លែងល្បីៗ ផ្សេងទៀតដូចជា ទីក្រុង Ha Long, Hoi An, Nha Trang និង Da Lat។

ក្រសួងបានបន្តថា ខ្លួននឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងស្របតាមស្តង់ដារទទួលស្គាល់អន្តរជាតិ ដើម្បីធ្វើដំណើរទៅកាន់គោលដៅទាំងនេះ។ ជាមួយគ្នានេះ ក្រសួងក៏នឹងធ្វើការជាមួយទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីជំរុញការចាក់ថ្នាំបង្ការរោគមុនដល់ប្រជាជននិងបុគ្គលិកក្នុងវិស័យទេសចរណ៍ ដើម្បីទទួលបានភាពស៉ាំ។

នាយករដ្ឋមន្រ្តី Pham Minh Chinh កាលពីដើមសប្តាហ៍នេះបានបញ្ជាឱ្យមានកម្មវិធីសាកល្បង ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កោះ Phu Quoc ភាគខាងត្បូងចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ដោយរំពឹងថានឹងមានភ្ញៀវទេសចរពី ២ ទៅ ៣ លាននាក់។
គួរឱ្យដឹងផងដែរថា កោះ Phu Quoc បង្កើតគម្រោងសាកល្បងលើកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងដែលមានរយៈពេល ៦ ខែចាប់ពីខែតុលា ហើយសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤ ម៉ឺននាក់ក្នុងអំឡុងពេលនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress