អាជ្ញាធរជាតិអប្សរា កំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ
ទេសចរណ៍ September 9, 2021 Khmernote

ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ និងដើម្បីកម្សាន្ត បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ​បេតុងចំនួន ២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។

យោងតាមការចុះផ្សាយរបស់ផេកអាជ្ញាធរអាជ្ញាធរជាតិអប្សរានាពេលថ្មីៗនេះបានឱ្យដឹងថា ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ចំនួន ២កន្លែង ក្នុងនោះ ស្ពានទី១​ មានប្រវែង ១៥០ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប​។ រីឯស្ពានទី២​ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។​

ក្រោយពេលបញ្ចប់ការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ទាំងពីរនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់វិស័យទេសចរណ៍​ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀតដល់អ្នកទស្សនា​ និងអ្នកនិយមមធ្យោបាយធ្វេីដំណេីរដោយកង់​ ជាពិសេសសម្រួលដល់ការធ្វេីដំណេីរ​របស់បងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាដើម៕

អត្ថបទ៖ លីនី