រដ្ឋាភិបាលជប៉ុន កំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំង ៣ប្រភេទនេះ
សេដ្ឋកិច្ច September 9, 2021 Khmernote

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ នេះបើយោងអស់តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលស្នើឱ្យអ្នកដំណើរបរទេសទាំង ដែលមកដល់ប្រទេសជប៉ុនត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬ កន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ។

ប៉ុន្តែរដ្ឋាភិបាលជប៉ុន កំពុងគិតគូរកាត់បន្ថយរយៈពេលនេះមកត្រឹម ១០ ថ្ងៃវិញ ដោយសារតែរដ្ឋាភិបាលត្រូវការធ្វើឱ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចវិលត្រឡប់មករកភាពប្រក្រតីវិញជាដំណាក់កាល ខណៈការចាក់វ៉ាក់សាំងជាសកលកំពុងដំណើរការទៅមុខយ៉ាងរលូន។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលមានគម្រោងកាត់បន្ថយរយៈពេលសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca តែប៉ុណ្ណោះ។ ដោយពួកគេក៏ត្រូវមានវិញ្ញាបនបត្រវ៉ាក់សាំងដែលចេញដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក ឬ សហភាពអឺរ៉ុបសម្រាប់ពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមវិធានការនេះចាប់ពីចុងខែនេះ ឲ្យបានឆាប់បំផុត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk