អស្ចារ្យមែនទែន! យុវជនខ្មែរ ១ក្រុម ជោគជ័យដំណាក់ កាលទី១ក្នុងការបង្កើតដ្រូនដឹកជញ្ជូននិងឱ្យមនុស្សជិះបាន
សេដ្ឋកិច្ច September 9, 2021 Khmernote

យុវជនខ្មែរសិក្សាផ្នែកបច្ចេកវិទ្យាទទួលបានជោគជ័យដំណាក់កាលទី១ លើការច្នៃប្រឌិតបង្កើតដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការស្ទះចរាចរណ៍។ លោក វណ្ណ សិទ្ធ ជាយុវជនខ្មែរសិក្សាជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការជាមួយក្រុមនិស្សិត បានសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន និងជួយពន្លត់អគ្គិភ័យមានឈ្មោះថា (Human Carrier Drone ) នេះរយៈពេល ១ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងអាចជួយដល់ការពន្លត់អគ្គិភ័យបាន ខណៈដែលមានតំបន់ខ្លះពិបាកក្នុងការធ្វើដំណើរចូល។

លោកបានបន្តថា សម្រាប់ឧបករណ៍ដ្រូនដឹកជញ្ជូននេះគឺមានបីដំណាក់កាលដោយបច្ចុប្បន្នគឺបានជោគជ័យនៅដំណាក់ការទីមួយ ហើយ ដោយសិក្សាទៅលើតួ សិក្សាទៅលើរយ:ពេលហោះ និងសិក្សាទៅលើបន្ទុកថា តើដ្រូន នេះអាចដឹកទម្ងន់បានប៉ុន្មានគីឡូ។ លោកបានបញ្ជាក់ថា សម្រាប់ការបង្កើតដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន និងជួយពន្លត់អគ្គិភ័យនេះបើ សិនជាអាចផលិតរួចទាំងបីដំណាក់ការនេះគឺល្អ មាន ន័យថា គឺអាចជួយពន្លត់អគ្គិភ័យបាននៅពេលដែលកន្លែងណា ដែលឡានចូលអត់រួច និងពេលបច្ចុប្បន្ននៅតាមទីប្រជុំជនមានការកកស្ទះច្រើនជាពិសេសគឺពេលដែលចេញពីធ្វើការ ដូច្នេះគឺយើងអាចប្រើដ្រូននេះដើម្បីជិះបាន។

សំឡេង«គោលបំណងចម្បងបំផុត គឺយើងប្រើប្រាស់ដ្រូន នឹងសម្រាប់ជិះ សម្រាប់ដឹកមនុស្ស យើងក៏អាចប្ដូរ ចង់បំពាក់ធុងទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យក៏បាន ឬក៏បំពាក់អីផ្សេងក៏បាន នេះជាជម្រើសរបស់យើង គោលដៅសំខាន់គឺយើងធ្វើដើម្បីដឹកមនុស្ស ដែលយើងឱ្យឈ្មោះថា Human Carrier Drone សម្រាប់មនុស្សជិះ យើងអាចធ្វើជាតាក់សុីដ្រូន ព្រោះយើងឃើញស្រាប់ហើយមិនមែនតែប្រទេសយើងទេគឺនៅលើពិភពលោកគឺមានការកកស្ទះចរាចរណ៍ ជាពិសេសគឺនៅទីប្រជុំជន ដូច្នេះគឺយើងអាចដោះស្រាយបានខ្លះ»។ លោកបានលើកទឹកចិត្តទៅ ដល់និស្សិតទាំងអស់ដែលបានសិក្សាជំនាញនេះ ហើយចង់បង្កើតនូវអ្វីដែលជាស្នាដៃខ្លួនឯងនោះ គួរតែសិក្សាស្វែង យល់ឱ្យបានច្បាស់លាស់ និងព្យាយាមអនុវត្តផ្ទាល់ឱ្យបានច្រើនទើបអាចទទួលបានជោគជ័យ។ សូមបញ្ជាក់ថា ឧបករណ៍ដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាននិងជួយពន្លត់អគ្គិភ័យ តាំងពីរនេះមានទំហំ ៤០ សង់ទីម៉ែត្រ និងអាចហោះបានចម្ងាយ១៥គីឡូម៉ែត៕

ប្រភព៖ ក្រសួងព័ត៌មាន