ឆ្នាំនេះ រាជរដ្ឋាភិបាលត្រៀមបម្រុងពូជស្រូវស្រាលពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតជាង២ ០០០តោន
សេដ្ឋកិច្ច September 8, 2021 Khmernote

យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានត្រៀមបម្រុងពូជ ស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន២៥តោន ក្នុងឆ្នាំ២០២១ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅទសវត្សចុងក្រោយនេះ តែទោះជា យ៉ាងណា វិស័យមួយនេះ ក៏កំពុងជួបបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសគ្រោះធម្មជាតិដែលតែងតែបំផ្លាញផលដំណាំរបស់បងប្អូនប្រជា កសិករជារៀងរាល់ឆ្នាំមានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺ ឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផល ដំណាំ ។

ឯកឧត្តមបន្តថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការ ជំរុញ និងគាំទ្រ លើការបង្កើនសមត្ថភាពត្រៀមបម្រុងស្បៀង និងពូជដំណាំសម្រាប់ទុកបង្ការ និងធ្វើអន្តរាគមន៍ជួយដល់កសិករក្រីក្រ ដែលងាយរងគ្រោះដោយសារគ្រោះ មហន្តរាយធម្មជាតិ ធ្វើការស្តារដាំដុះដំណាំស្បៀង និងសត្វឡើងវិញឱ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធ ភាព ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិ កម្ម និងសហការជាមួយក្រុម ហ៊ុនឯកជន និងសហគមន៍កសិកម្មផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែ រក្សា និងចាត់ចែងដឹកជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឱ្យបានទាន់ពេលវេលា ។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ នាយកដ្ឋានដំណាំស្រូវ បានត្រៀមពូជ ស្រូវចំនួន ២០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គីឡូ ក្រាមក្នុង១បាវ សរុបមានចំនួន ៨០ ០០០ បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម ។ បានត្រៀមពូជបន្លែ និងដំណាំរួមផ្សំបានចំនួន១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០ កញ្ចប់ ក្នុងនោះរួមមាន ៖ ពោត ដំណើប សណ្តែកកួរ ផ្ទី ស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល) ៕

ប្រភព៖ ក្រសួងព័ត៌មាន