កូវីដអូសបន្លាយកាន់តែយូរទៅៗ វៀតណាម សម្រេចត្រៀមខ្លួនដើម្បីរស់នៅដោយសុវត្ថិភាពជាមួយជំងឺកូវីដ-១៩
សេដ្ឋកិច្ច September 7, 2021 Khmernote

នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីចុងសប្ដាហ៍មុនថា ប្រទេសវៀតណាមកំពុងរៀបចំសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ហើយរស់នៅដោយមានសុវត្ថិភាពជាមួយជំងឺរាតត្បាតនេះ នៅពេលគោលដៅចាក់វ៉ាក់សាំងរបស់ខ្លួនបានសម្រេចជោគជ័យ។ លោកនាយករដ្ឋមន្រ្តី បានឱ្យដឹងថាទៀតថា លោកបានស្នើសុំឱ្យទីភ្នាក់ងារពាក់ព័ន្ធរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចនិងសង្គមដើម្បីសម្របខ្លួនទៅនឹងជំងឺ កូវីដ​-១៩ ដោយសុវត្ថិភាពក្នុងចំណោមការសម្របខ្លួនផ្សេងទៀត ទាក់ទងនឹងចរាចរណ៍ការធ្វើដំណើរផលិតកម្ម និងសេវាកម្ម។

នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរ មូលដ្ឋានក្នុងខេត្ត និងតំបន់ចំនួន​ ២០ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកបានលើកឡើងថា៖ « ការប្រយុទ្ធជាមួយមេរោគឆ្លង មានរយៈពេលវែង ហើយចាំបាច់ត្រូវមានផែនការដើម្បី រស់នៅជាមួយវា »។ ជាមួយគ្នានេះ នៅថ្ងៃទី ១ ខែកញ្ញា លោកបាននិយាយថា ការបិទទ្វារមិនអាចបន្តជារៀងរហូតទេ ហើយគោលដៅគួរតែសម្របខ្លួនទៅនឹងជំងឺរាតត្បាត និងកាត់បន្ថយអត្រាស្លាប់តាមរយៈការចាក់វ៉ាក់សាំង និងថ្នាំព្យាបាល។

ដោយឡែកនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ លោក Pham Minh Chinh បានអំពាវនាវឱ្យប្រជាជនអាណិតអាសូរ និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកបានមានប្រសាសន៍ថា៖ « យើងយល់ពីការលំបាកដែលអាជីវកម្មនិងប្រជាជនជួបប្រទះ ដូច្នេះយើងអាចខិតខំធ្វើឱ្យប្រទេសនេះវិលត្រឡប់មករកភាពប្រក្រតីថ្មី »។

គួរបញ្ជាក់ជាក់ផងដែរថា រហូតមកដល់ពេលនេះ វៀតណាមបានចាក់វ៉ាក់សាំងដូសទី១ដល់មនុស្សចំនួន ២១,៤ លាននាក់ហើយ ខណៈមនុស្សជាង ៣.១ លាននាក់ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ ហើយប្រទេសនេះមានបំណងចាក់វ៉ាក់សាំង ៧០ ភាគរយនៃប្រជាជន ៩៦ លាននាក់របស់ខ្លួននៅឆ្នាំក្រោយ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress