ភ្នំកំពង់ត្រាច នឹងកាន់តែស្រស់ស្អាត ហើយងាយស្រួលចូលទស្សនា ខណៈក្រសួងទេសចរណ៍បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច
ទេសចរណ៍ September 7, 2021 Khmernote

ភ្នំកំពង់ត្រាច គឺជារមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏ល្បី​មួយ ស្ថិត​ក្នុងស្រុកកំពង់ត្រាច ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ​ពីទីរួមខេត្តកំពត។ភ្នំនេះ លាក់ទុករឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និង​មានរូងភ្នំធំ២ គឺរូង​ឋានព្រះចន្ទ និងរូងឋានព្រះអាទិត្យ ដែល​មានលក្ខណៈ​ពិសេស​រៀងៗខ្លួន។

យ៉ាងណាមិញ បើយោងតាមការបង្ហោះនៅលើផេករបស់នាយកដ្ឋានវិនិយោគទេសចរណ៍ កាលពីម្សិលមិញនេះ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត ត្រូវបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច ដោយ អង្គភាព PCU/MoT ក្រោមគម្រោងទេសចរណ៍ ផ្តោតសំខាន់លើផ្នែកទន់ (Soft Infrastructure)។

ជាមួយគ្នានេះដែរ ដោយមានការណែនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការចង្អុលបង្ហាញពី ឯកឧត្តម ទិត ចន្ថា នាយកគម្រោង អង្គភាព PCU/MoT បានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានខ្នាតតូច នៅរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត៖ ១) មណ្ឌលព័ត៌មានទេសចរណ៍ ២) បង្គន់អនាម័យសហគមន៍ ៣)តូបលក់ដូររបស់ពលរដ្ឋសហគមន៍ ៤) បង្កាន់ដៃ និងផ្លូវដើរក្នុងល្អាងភ្នំ ៥) ប្លង់គោលរមណីយដ្ឋាន និង ៦) ស្លាកសញ្ញាសំគាល់ទីតាំងក្នុងរមណីយដ្ឋាន សម្រាប់បងប្អូនទស្សនា លម្ហែ ភ្លក់នូវរសជាតិអាហារសមុទ្រស្រស់ៗ និងផ្តិតយកទស្សនីយភាពដ៏ស្រស់ត្រកាលក្នុងតំបន់នេះ ពិសេសការចូលរួមលើកស្ទួយ ការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋសហគមន៍ និងការអភិរក្សធនធានសម្រាប់កុលបុត្រ កុលធីតារបស់យើងជំនាន់ក្រោយ។

សូមជម្រាបថា ក្រសួងទេសចរណ៍ ដែលជាទីភ្នាក់ងារប្រតិបត្តិអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន ក្នុងមហាអនុតំបន់មេគង្គ (GMS TIIG II No.3701-CAM) ជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងទេសចរណ៍ ផ្តោតសំខាន់លើផ្នែកទន់ (Soft Infrastructure) ដូចជា ៖ ការបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ការផ្សព្វផ្សាយទេសចរណ៍ ការលើកកម្ពស់ការយល់ដឹង ទប់ស្កាត់ការជូនដូរមនុស្ស និងគ្រឿងញៀន៕​

អត្ថបទ៖ លីនី