យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៧ សម្រាប់ផ្នែកបេតិកភណ្ឌ និងចំណាត់ថ្នាក់ទី២៨ នៅក្នុងចំណាត់ថ្នាក់ប្រទេសល្អបំផុតនៅឆ្នាំនេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានចងក្រង ដោយសារព័ត៌មានអាមេរិក ដោយ ចំណាត់ថ្នាក់ត្រូវបានចាត់ គឺផ្អែកលើការយល់ឃើញរបស់ប្រទេសជាសកលទាក់ទងនឹងលក្ខណៈដែលជំរុញពាណិជ្ជកម្ម ការធ្វើដំណើរនិងការវិនិយោគដែលជះឥទ្ធិពលផ្ទាល់ដល់សេដ្ឋកិច្ចជាតិ។
សារព័ត៌មានអាមេរិកបានឱ្យដឹងថា ប្រទេសថៃជាប់ចំណាត់ថ្នាក់កំពូលក្នុងតំបន់អាស៊ានសម្រាប់បេតិកភណ្ឌ ប៉ុន្តែជាប់លេខ ២ នៅអាស៊ីបន្ទាប់ពីឥណ្ឌាដែលជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីពិភពលោក។ ជាមួយគ្នានេះប្រទេសថៃទទួលបាន ៦៣.២ ពិន្ទុសម្រាប់ភាពងាយស្រួលខាងវប្បធម៌ ខណៈ ៥៨.៧ ពិន្ទុសម្រាប់ប្រវត្តិសាស្ត្រដ៏សំបូរបែប ហើយ ៨៩.៩ សម្រាប់ម្ហូបដ៏អស្ចារ្យ រួមទាំង ៨៧.២ ពិន្ទុសម្រាប់ការទាក់ទាញវប្បធម៌ជាច្រើន និង ៨៤.៦ ពិន្ទុសម្រាប់ការទាក់ទាញភូមិសាស្ត្រ។
គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសថៃ រួមមាន៖ ទីក្រុងប្រវត្តិសាស្ត្រសុខោទ័យ និងទីក្រុងប្រវត្តិសាស្ត្រជិតខាងសុខោទ័យ ,ទីក្រុងប្រវត្តិសាស្ត្រអយុធ្យា ,តំបន់បុរាណវិទ្យា Ban Chiang ,ដែនជម្រកសត្វព្រៃ Thungyai-Huai Kha Khaeng ,តំបន់ព្រៃ Dong Phayayen-Khao Yai និងបរិវេណព្រៃ Kaeng Krachan៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


