ឆ្នាំ២០២១នេះ ស្រូវវស្សាជិត ១៦,០០០ហិតា អាចនឹងងើបឡើងចេញពីផលប៉ះពាល់​ដោយភាពគ្រោះរាំងស្ងួត កាលពីដើមរដូវវស្សា!
សេដ្ឋកិច្ច September 6, 2021 Khmernote

នៅថ្ងៃទី០៤ ខែកញ្ញា ចុងសប្តាហ៍នេះ ក្នុងដំណើរបំពេញការងារចុះពិនិត្យមើលស្ថានភាពទឹកនៅអាងម្កាក់ ទំនប់ទ្វារទឹកធារាសាស្រ្ត ក្នុងឃុំពង្រលើ, អាងទឹកទំនប់ក្សាក ក្នុងឃុំខ្វាវ, ទំនប់៧៨ ក្នុងឃុំអន្លង់សំណរ និងប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀត ក្នុងស្រុកជីក្រែង របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលសេចក្តីរាយការណ៍របស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវវស្សាឆ្នាំ២០២១នេះ បាន ១៨៩,៧២០ហិកតា ស្មើនឹង ៩៩.៩៩% នៃផែនការឆ្នាំ ក៏ប៉ុន្តែនៅក្នុងអំឡុងខែសីហានេះ គ្រោះរាំងស្ងួតបានបង្កឲ្យមានផលប៉ះពាល់លើដំណាំស្រូវទាំងនោះជិត ១៦,០០០ហិកតា លើ៨ស្រុក ក្នុងចំណោម១២ក្រុង-ស្រុក របស់ខេត្ត ស្មើនឹង៤១ឃុំ មាន ៣២១ភូមិ និងជាង ១៤,០០០ គ្រួសារ។ ក្នុងនោះដែរ ស្រុកជីក្រែងទទួលរងផលពាល់ច្រើនជាងគេស្មើនឹង ៦,៦០០ហិកតា ក្នុងនេះស្រូវស្រាលលើផ្ទៃដី ២,៨៨០ហិកតា ត្រូវទទួលរងនូវការខូចខាត ប្រជាកសិករប្រហែល ៣,០០០គ្រួសារ រស់នៅលើ១២ឃុំ, មាន ១៣៣ភូមិ បានទទួលរងនូវការខូចខាតនេះ។

សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម បានបង្ហាញទៀតថា ក្នុងអំឡុងដើមខែកញ្ញានេះ ខេត្តសៀមរាប មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយបើស្ថានភាពបែបនេះ នៅតែមានបន្តទៀត ស្រូវស្រែជិត ១៦,០០០ហិកតា នឹងត្រូវបានងើបចេញពីផលប៉ះពាល់ ហើយផ្ទៃដីស្រូវស្រាលដែលខូចខាតនៅស្រុកជីក្រែង ជិត ៣,០០០ហិកតា អាចនឹងមានលទ្ធភាព ស្តារដោយការសាបព្រួសឡើងវិញ ប្រហែលជាជិត ២,៣០០ហិកតា។ ការត្រៀមលក្ខណ: ស្តារដំណាំស្រូវវស្សាចេញពីការខូចខាតសម្រាប់ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជសម្រាប់ខេត្តសៀមរាបទាំងមូល ប្រមាណជា ២,០០០តោន។

យ៉ាងណាក៏ដោយ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្រ្តីជំនាញ ប្រើប្រាស់ឲ្យអស់លទ្ធភាព អាងទឹកធារាសាស្រ្តទំនប់ម្កាក់ ដែលមានវិសាលភាពគ្របដណ្តប់ទៅលើ ៩ឃុំ នៃស្រុកជីក្រែង ជាពិសេសនោះគឺការគ្រប់គ្រងចែកចាយទឹកដល់សហគមន៍ប្រកបដោយតម្លាភាព។

លោក នួន ច័ន្ទគ្រឹស្នា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តសៀមរាប បង្ហាញថា អាងទឹកទំនប់ម្កាក់អាចស្តុកទឹកបានប្រមាណជា ២០លានម៉ែត្រត្រីគុណ ដែលមានវិសាលភាពគ្របដណ្តប់ចំនួន៩ឃុំ លើ១២ឃុំ របស់ស្រុកជីក្រែង ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែប្រមាណ ២៥,០០០ហិកតា។ ឆ្នាំនេះប្រជាកសិករ បង្កបង្កើនផលស្រូវប្រាំងជាង ១ម៉ឺនហិកតា និងធ្វើស្រែវស្សាជាង ៣ម៉ឺនហិកតា ដែលធ្វើឱ្យទំហំចែកចាយនេះ វាលើសពីសមត្ថភាពរបស់អាងទំនប់ម្កាក់ គួបផ្សំទាំងជួបប្រទះគ្រោះរាំងស្ងួតបន្ថែមទៀតនោះ ទើបបញ្ហាផលប៉ះពាល់ស្រូវកណ្តាល-ស្រូវធ្ងន់ មានការខូចខាតផលស្រូវស្រាលត្រូវបានកើតឡើង។

លោកបន្ថែមឲ្យដឹងថា ១សប្តាហ៍ចុងក្រោយនេះ កំពស់ទឹកអាងម្កាក់ បានឡើងលើកូដបាតទ្វារទឹកប្រមាណ ៨៥០មីល្លីម៉ែត្រ និងសង្ឃឹមថា កំពស់ទឹកនេះនឹងបន្តមានកំណើនបន្ថែមទៀត សម្រាប់ការជួយសង្គ្រោះផលប៉ះពាល់៕