ដំណាំកសិកម្មរបស់កម្ពុជា ៣មុខ នាំចេញទៅចិនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងពេល ៨ខែមកនេះ
សេដ្ឋកិច្ច September 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី ៤ខែកញ្ញានេះ បានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន ២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន ២១១.២តោន។

កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។

មិនតែប៉ុណ្ណោះ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់ ៨៧.៦ម៉ឺនតោន ដែលមានកំណើន ៣៤០%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាននាំចេញទៅកាន់ប្រទេសចិនចំនួនប្រមាណ ៣៦៣៩តោន។ សូមជម្រាបផងដែរថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់សម្រាប់ផលិតផលកសិកម្មជាច្រើនរបស់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន