បើទោះបីជារងការលំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយក្ដី ការនាំចេញកសិផល និងជលផលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនៅតែមានសញ្ញាល្អៗជាច្រើន ដោយសារសហគ្រាសវៀតណាមបាននាំចេញផ្លែឈើស្រស់ដោយផ្ទាល់ទៅដៃគូបរទេស។ យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ សហភាពអឺរ៉ុប គឺជាទីផ្សារធំទី ៣ របស់វៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ដោយមានទំហំទឹកប្រាក់នាំចេញសរុប ២២.៦ ពាន់លានដុល្លារកើនឡើង ១៥.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភពដដែលបានបន្តឱ្យដឹងថា ក្នុងចំណោមចំណូល ២៨.៦ ពាន់លានដុល្លារនៃការនាំចេញផលិតផលកសិកម្ម និងជលផល ទីផ្សារសហភាពអឺរ៉ុបមានចំនួន ១១%។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២១ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ពោលគឺផ្លែឈើមួយចំនួនរបស់វៀតណាម ដូចជា ផ្លែគូលែន និងផ្លែមៀនស្រស់ ត្រូវបាននាំចេញដោយផ្ទាល់ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងលិចដូចជា ហូឡង់ បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដោយក្រុមហ៊ុនវៀតណាម។
តំណាងការិយាល័យពាណិជ្ជកម្មវៀតណាមនៅ ប៊ែលហ្សិកនិងសហភាពអឺរ៉ុបបានឱ្យថា ដើម្បីជួយឱ្យទំនិញវៀតណាមចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបកាន់តែប្រសើរ ការិយាល័យពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយនាយកដ្ឋានកែច្នៃផលិតផលកសិកម្ម និងអភិវឌ្ឍន៍ទីផ្សារក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ធ្វើបញ្ជីឈ្មោះ សហគ្រាសកែច្នៃផ្លែឈើដែលមានកេរ្តិ៍ឈ្មោះទូទាំងប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូ ហើយបន្តស្វែងរកផលិតផលថ្មីៗនៅក្នុងសហភាពអឺរ៉ុប។ គួរកត់សម្គាល់ថា ផ្លែគូលែនស្រស់របស់វៀតណាមត្រូវបានលក់មិនត្រឹមតែនៅក្នុងផ្សារទំនើប ឬហាងរបស់អាស៊ីកនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារទំនើបរបស់អឺរ៉ុបផងដែរ៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


