យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងទទួលផលប្រយោជន៍ជាច្រើន ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសរចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន រួមមាន ស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ទន្លេ ជាដើម ហើយការអភិវឌ្ឍន៍ទាំងនេះ នឹងឈានទៅដល់ការ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងនាំមកនូវការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច សុខុមាលភាព ប្រជាជន និងការលុបបំបាត់ភាពក្រីក្រ។
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦ (The 6th Belt and Road Summit) ឆ្នាំ២០២១ ក្រោមប្រធានបទ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។
ឯកឧត្តម បានបញ្ជាក់ពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ ជាពិសេស ការធានាឱ្យបាននូវលំហូរនៃទំនិញចាំបាច់ សម្ភារបរិក្ខារសុខាភិបាល និងស្បៀងអាហារ ។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងពីសារសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនទៀត ក្រោមក្របខ័ណ្ឌអាស៊ាន ជាពិសេសកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកិច្ចព្រមព្រៀងទាំងនេះ នឹងជួយកាត់បន្ថយនិងលុបបំបាត់ពន្ធគយ និងរបាំង មិនមែនពន្ធគយ សម្រាប់ពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវា ដែលនឹងលើកកម្ពស់បរិស្ថានសម្រាប់ការវិនិយោគ ភាពធន់នៃខ្សែសង្វាក់ ផ្គត់ផ្គង់ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី និងតំបន់ ។
ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងពីសារសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខផងដែរ។
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីហុងកុង ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ លើកទី៦ ឆ្នាំ២០២១នេះ និងបានបញ្ជាក់ពីការប្តេជ្ញា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម ទាំងក្នុងតំបន់និងលើពិភពលោក ៕



ប្រភព៖ ក្រសួងព័ត៌មាន


