រយៈពេល៦ខែឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានប្រមាណ ៤០លានដុល្លារ មានការកើនឡើង ៦.៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណ៣៧លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២១ នេះ។
យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា ចំណូលសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២១ ទទួលបានចំនួន ១៦១,១៨៦,៣៣៨,០០០រៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹង ឆ្នាំ២០២០ សរុបចំនួន ១៥០,៨៩៨,៦៥៧,០០០ រៀល (ប្រមាណ ៣៧លានដុល្លារអាមេរិក)។
ដោយឡែក ប្រាក់ចំណេញដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបាននៅក្នុងឆ្នាំ២០២១ សរុបចំនួន ៦២,២៨៣,២៦៥,០០០រៀល (ប្រមាណជាង ១៥.៥លានដុល្លារអាមេរិក) កើនឡើង៦.៣ភាគរយ បើធៀបនឹងឆ្នាំ២០២០ សរុបចំនួន ៥៨,៣១៩,៥០១,០០០ (ប្រមាណ ១៤.៥លានដុល្លារអាមេរិក) ៕


ប្រភព៖ ក្រសួងព័ត៌មាន


