រយៈពេល ៨ខែឆ្នាំ២០២១ កម្ពុជានាំចេញកសិផលបានចំនួនជិត ៦លានតោន ទៅកាន់ទិសដៅ ៦៦ ប្រទេស
សេដ្ឋកិច្ច September 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស បានចំនួនជិត៥ ៥៤៤ ៨៩៤ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស គឺមានការកើនឡើងចំនួន ២ ៦២១ ៥៦៦ តោនស្មើនឹង ៨៩,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៩២៣ ៣២៨ តោន។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កសិផលសំខាន់ៗដែលកម្ពុជាបាននាំចេញ រួមមាន: ការនាំចេញអង្ករមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន( -២៣,៣៧ភាគរយ ) បើធៀបនឹងបរិមាណនាំ ចេញក្នុងរយៈពេល៨ខែឆ្នាំ ២០២០ ដែលមានចំនួន ៤៤៨ ២០៣តោន ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៤២ ៤៣២តោន ស្មើនឹង ៧០,៥៩ភាគរយ អង្ករសគ្រប់ប្រភេទមានចំនួន ៩៤ ៤៤១ តោន ស្មើនឹង ២៧,៥០ភាគ រយ និងចំហុយមានចំនួន ៦ ៥៧៤តោន ស្មើនឹង ១,៩១ ភាគរយ ។ បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ ប្រទេស មានបរិមាណសរុបចំនួន ៨៨ ២៧១តោន ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦៥ ៦១២តោន ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៥៥៣តោន និងទិសដៅដទៃ ទៀតចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១ តោន ។ ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូត ដល់ ២៤៧ ៩០៣ តោន (៧២,១៨ភាគរយ) និងក្រុម ហ៊ុន៤៩ដទៃទៀតបាននាំ ចេញត្រឹមតែ ៩៥ ៥៤៤តោន (២៧,៨២ភាគរយ )។

ឯកឧត្តមបានបន្តថា ក្នុងរយៈ ពេល៨ខែឆ្នាំ២០២១ ការនាំ ចេញស្រូវមានចំនួន ២ ៣៨៣ ១៥០តោន ទៅកាន់ប្រទេសវៀតណាម ដែលមាន ការកើនឡើងចំនួន ១ ១០១ ៤៣១តោន បើធៀបនឹងរយៈ ពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ២៨១ ៧១៩តោន ។

ឯកឧត្តមបន្តទៀតថា ក្នុង រយៈពេល៨ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៦៣៦ ៤៩៥តោន កើនឡើងចំនួន ១ ១៦១ ៣៦៩តោន ស្មើនឹង ៤៦,៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៤៧៥ ១២៥,៨៤តោន ដែលក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀម , ដំឡូងមីស្រស់ , ម្សៅដំឡូងមី , កាក សំណល់ដំឡូងមី , គ្រាប់ ស្វាយចន្ទី , គ្រាប់ពោត , គ្រាប់សណ្តែកបាយ, គ្រាប់សណ្តែក សៀង, ផ្លែចេកស្រស់, ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់ , ដំណាប់ស្វាយ , ទឹកស៊ីរ៉ូស្វាយ , ដូងប្រេង , ម្រេច , ថ្នាំជក់ , បន្លែចម្រុះ , ម្ទេសស្រស់ , ម្ទេសក្រៀម និងផលិតផលចំនួន ៧១មុខ ផ្សេងទៀត ។

ឯកឧត្តមបានបន្ថែមទៀតថា ការប៉ាន់ស្មានតម្លៃក្នុងរយៈ ពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨ភាគរយ ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥ភាគរយ រីឯការនាំ ចេញអង្ករមានការថយចុះចំនួន ២៣,៣៧ភាគរយ ដោយសារ កង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន