កូវីដ-១៩ បង្ខំឱ្យទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហាមឃាត់ការធ្វើដំណើរពេលយប់ បិទរោងចក្រ សាលារៀន និងអាជីវកម្មជាច្រើនប្រភេទ
សេដ្ឋកិច្ច September 1, 2021 Khmernote

អាជ្ញាធរ ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានដាក់ចេញនូវការរឹតត្បិតថ្មីរួមទាំង ការហាមឃាត់ការធ្វើដំណើរពេលយប់ ការបិទអាជីវកម្មរោងចក្រ ព្រំដែន និងសាលារៀន ដោយសារការរីករាលដាលនៃវីរុស​ កូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។

បើតាមប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែសីហា កន្លងទៅថ្មីៗនេះ អភិបាលក្រុងលោក Atsaphangthong Siphandone បានចេញបទបញ្ជាមួយ ដោយដាក់ចេញនូវការហាមឃាត់ និងបិទអាជីវកម្ម រោងចក្រ ព្រំដែនទាំងក្នុង និងក្រៅស្រុក រួមទាំងសាលារៀនផងដែរ។ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវត្រូវបានហាមឃាត់ទូទាំងរាជធានីចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៥ ព្រឹក ករណីលើកលែងត្រូវបានធ្វើឡើងសម្រាប់ការធ្វើដំណើរសំខាន់ៗដូចជា ការដឹកជញ្ជូនទំនិញ ម្ហូបអាហារ និងឧបករណ៍វេជ្ជសាស្ត្ ររថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តដែលជារបស់មន្រ្តីរាជការ។

ជាមួយគ្នានេះដែរ សាលារៀន ទាំងអស់ត្រូវបញ្ជាឱ្យបិទទ្វារ ហើយការប្រលងចូលស្ថាប័នអប់រំឧត្តមសិក្សាត្រូវបានផ្អាក។ ខណៈ ច្រកព្រំដែនប្រពៃណី និងក្នុងស្រុកក៏ត្រូវបិទដូចគ្នា ដោយការដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ស្ពានមិត្តភាពមេគង្គ ឡាវ-ថៃ ត្រូវបានផ្អាកជាលើកដំបូង ប៉ុន្តែករណីលើកលែងត្រូវបានផ្តល់ជូនការដឹកជញ្ជូនទំនិញ និងអ្នកសដែលទទួលបានការអនុញ្ញាតពីក្រុមការងារ Covid-19។

ចំពោះអាជីវកម្មរួមមាន ហាងម៉ាស្សា ស្ប៉ា ហាងកែសម្ផស្ស រោងកុន ខារ៉ាអូខេ ភោជនីយដ្ឋាន ហាងអ៉ីនធឹណេតនិងហ្គេម ហាងលក់គ្រឿងស្រវឹងទាំងអស់ត្រូវបញ្ចាឱ្យបិទ ខណៈកន្លែងកម្សាន្ត កន្លែងទេសចរណ៍ និងផ្សារររាត្រីក៏ត្រូវបញ្ជាឱ្យបិទដូចគ្នា។ លើសពីនេះ រោងចក្រ ក៏ត្រូវតែបិទដែរ លើកលែងតែរោងចក្រដែលមានអន្តេវាសិកដ្ឋានសម្រាប់ជួលបុគ្គលិករបស់ពួកគេ ឬរោងចក្រដែលផ្តល់ការដឹកជញ្ជូនសម្រាប់បុគ្គលិក៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand