អង្គរវត្ត នឹងកាន់តែទាក់ទាញ ខណៈក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា កំពុងដាំស្មៅកែលម្អ ក្នុងបរិវេណប្រាសាទ ដើម្បីបង្កើនភាពស្រស់ស្អាត
ទេសចរណ៍ September 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការដាំស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបង្កើនភាព ស្រស់ស្អាត បរិស្ថានល្អ និងកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត។ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជំនាញនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងដាំស្មៅបន្ថែម នៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងបំណងកែលម្អសោភ័ណភាព បរិស្ថាន ឲ្យកាន់តែមានភាពល្អប្រសើរ និងកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត។

លោកបន្តថា ការងារដាំស្មៅនេះគឺចាប់ផ្តើម ពីមាត់កសិណខាងក្នុង រហូតដល់ផ្នែកខាងក្នុងប្រាសាទតែម្តង ដោយការដាំនៅកន្លែងដែលមានចន្លោះៗ មើលទៅមិនស្រស់ស្អាត នឹងធ្វើការកែលម្អជាថ្មី ជាពិសេសផ្តោតលើការដាំ នៅសងខាងផ្លូវ ដែលភ្ញៀវទេសចដើរទស្សនាប្រាសាទ។ លោកបន្តទៀតថា គម្រោងដាំស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ តាមផែនការគ្រោងទុក នឹងអនុវត្តរយៈពេល៣ខែ ដោយចាប់ផ្តើមឡើង ពីពាក់កណ្តាលខែសីហាឆ្នាំ២០២១នេះតទៅ តែក្នុងករណីជួបបញ្ហាប្រឈមណាមួយនោះ ត្រូវពន្យាពេលបន្តទៀត ដោយសារការងារនេះ ប្រើប្រាស់កម្លាំងមនុស្សសុទ្ធសាធ ព្រោះខ្លាចប៉ះពាល់ដល់ថ្មប្រាសាទ។

សំឡេង៖នាយកដ្ឋានខ្ញុំគាត់ដាំនៅបរិវេណប្រាសាទអង្គរវត្ត ចាប់ពីមាត់កសិណខាងក្នុងរហូតដល់ប្រាសាទ ដាំលើផ្ទៃដីបរិវេណក្នុងប្រាសាទ ទាំងអស់ យើងធ្វើការសម្អាតស្មៅកន្លែងណាមិនល្អមិនស្អាត យើងដាំកន្លែងចោះៗជាពិសេសដាំនៅតាមសងខាងផ្លូវដែលភ្ញៀវ គាត់ធ្វើ ដំណើរ ដើម្បីឲ្យស្អាត និងងាយស្រួលក្នុងការគ្រប់គ្រង ឲ្យភ្ញៀវគាត់ដើរមានរបៀប គ្រោងយើង៣ខែ តែមិនដឹងថាហើយឬមិនហើយទេ ចាំមើលជាក់ស្តែង ព្រោះក្នុងនេះយើងមិនអាចប្រើគ្រឿងចក្របានទេ ខ្លាចប៉ះពាល់ថ្ម យើងប្រើកម្លាំងមនុស្សសុទ្ធ។

សូមជម្រាបផងដែរថា ទោះស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងមមាញឹកក្នុងការដាំ និងថែទាំស្មៅ នៅបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក្នុងគោលបំណង កែលម្អសោភ័ណភាពបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីជាការទាក់ទាញ់ភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន