យោងតាមការចុះផ្សាយរបស់សារព័ត៌ Bangkok Post បានឱ្យដឹងថា ប្រទេសថៃត្រៀមបើកកោះទេសចរណ៍ដ៏ពេញនិយមមួយទៀត គឺកោះឡាន ដើម្បីបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញ បន្ទាប់ពីមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកញ្ញា។
លោក Booncherd Boonying ប្រធានសហគមន៍កោះឡាន បាននិយាយថា ក្នុងជំហានដំបូងនៃការបើកឡើងវិញ តំបន់ឆ្នេរនៅតែត្រូវបិទដដែល និងសេវាកម្មជួលកៅអីអង្គុយលំហែនៅមាត់ឆ្នេរនោះទេ។ ប៉ុន្តែរមណីយដ្ឋាន កន្លែងស្នាក់នៅ និងកន្លែងទេសចរណ៍ផ្សេងទៀតបានត្រៀមរួចរាល់សម្រាប់ភ្ញៀវទេសចរ។
ប្រធានសហគមន៍កោះឡានរូបនេះបានបន្តថា វិធានការណ៍សុវត្ថិភាព សុខភាពនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងរួមទាំងការប្រើប្រាស់ជែលលាងដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គម សម្រាប់ប្រតិបត្តិករទេសចរណ៍ និងអ្នកទេសចរដែលនឹងត្រូវបានត្រួតពិនិត្យសីតុណ្ហភាពនៅតាមកប៉ាល់ ទូកនិងកន្លែងផ្សេងទៀត។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរថៃ និងបរទេសត្រូវបានស្វាគមន៍ ប៉ុន្តែពលករចំណាកស្រុកនៅតែបន្តការហាមឃាត់។ ដោយឡែកទូកដឹកអ្នកដំណើររវាងកោះឡាន និងប៉ាតាយ៉ា នឹងដំណើរការបីដងក្នុងមួយថ្ងៃ គឺពេលព្រឹក ពេលរសៀលនិងពេលល្ងាច។ ហើយប្រសិនបើស្ថានការណ៍ប្រសើរឡើង ដោយមានភ្ញៀវទេសចរមកច្រើនទូកជាច្រើននឹងត្រូវដាក់ឲ្យដំណើរការវិញ នេះបើតាមការលើកឡើងរបស់លោក Booncherd Boonying ប្រធានសហគមន៍កោះឡាន៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


