ដំណឹងល្អ! គម្រោងស្ថាបនាផ្លូវថ្មី ពីខេត្តសៀមរាបទៅបាត់ដំបង បានដាក់ចូលផែនការហើយ
សេដ្ឋកិច្ច August 31, 2021 Khmernote

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងកសាងផ្លូវថ្មី ដែលតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិល នៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិន ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកាន់តែងាយស្រួលនិងចំណាយពេលតិចជាងមុន។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២១ នេះ។

ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣ តាមប្រព័ន្ធអនឡាញ ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេស ប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកសាងផ្លូវនេះ ដោយយើងរំពឹងថា ការដ្ឋានអាចនឹងចាប់ផ្ដើមនៅមុនឆ្នាំ ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា គម្រោងនេះក្រសួងបានដាក់ចូលក្នុងផែនការ៥ឆ្នាំរំកិលពិតមែន ប៉ុន្តែមិនមែនមានន័យថា ត្រូវតែសាងសង់នៅ ឆ្នាំ២០២៥នោះទេ ដោយពិនិត្យតាមស្ថានភាពជាក់ស្តែង អាចពន្លឿនមកបើកការដ្ឋាននៅឆ្នាំ២០២៣ ឬ២០២៤ ខណៈដែលផ្លូវនេះ មានសារសំខាន់ណាស់ ចំពោះប្រទេសជាតិ និងសេដ្ឋកិច្ចជាតិ ។

សំឡេង«យើងកំពុងតែសិក្សាផ្លូវពីបាត់ដំបងទៅសៀមរាប ដោយសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមានប្រសាសន៍ នៅក្នុងកម្មវិធីបុណ្យទន្លេ នៅបាត់ដំបង ឱ្យយើងសិក្សា ដូច្នេះយើងកំពុងសិក្សា ហើយត្រូវការសិក្សាច្រើន កុំឱ្យប៉ះពាល់ដល់បឹងទន្លេសាប របស់យើង តែយើងធ្វើផ្លូវមិនស្រួលវាប៉ះពាល់ដល់បឹងទន្លេសាប ។ យើងបានដាក់ចូលហើយនៅក្នុងគម្រោង៥ឆ្នាំរបស់ចិន ហើយក្នុង ៥ឆ្នាំនេះ យើងធ្វើរំកិលម្តងឡើងវិញ ហើយឆ្នាំក្រោយរំកិលម្តងទៀត ប៉ុន្តែម៉ោងនេះដោយសារគម្រោងច្រើន មានគម្រោងអាទិភាព មួយចំនួនទៀតដែលយើងត្រូវតែធ្វើ ដូច្នេះយើងបានដាក់ចូលក្នុងកម្មវិធីឆ្នាំ២០២៥ ប៉ុន្តែមិនមែនថាឆ្នាំ២០២៥នេះ យើងបើកការដ្ឋាន សាងសង់នោះទេ ឆ្នាំក្រោយពេលយើងធ្វើគម្រោង៥ឆ្នាំរំកិល អាចរុញមកខាងមុខក៏បាន ឧទាហរណ៍ ២០២៣ឬ២០២៤ តាមស្ថានភាព ជាក់ស្តែងដែលផ្លូវត្រូវតែធ្វើ » ។

គួរជម្រាបថា គម្រោងស្ថាបនាផ្លូវជាតិថ្មីសន្លាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ផ្លូវនេះអាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់ជិត១០០គីឡូម៉ែត្រឯណោះ។ គម្រោងផ្លូវដ៏សំខាន់នេះ ត្រូវបានលើកយកមកពិភាក្សា ក្រោយមានសំណើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ ២០២០កន្លងមកនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន