ក្រសួងសាធារណការ បន្តជំរុញឱ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២
សេដ្ឋកិច្ច August 31, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសារធាណការ និងដឹកជញ្ជូន បានជំរុញធ្វើយ៉ាងណា ឱ្យការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ឱ្យបានបញ្ចប់ជាស្ថារពរ នៅពាក់កណ្តាលឆ្នាំ២០២២ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លង កាត់របស់ប្រជាពលរដ្ឋឱ្យកាន់ តែមានភាពងាយស្រួល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះ ត្រូវពង្រីកពី២គន្លង ទៅ ៤គន្លង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទៅវិញទៅ មកប្រកបដោយសុវត្ថិភាព ។

ឯកឧត្តមបានបន្តថា ក្រសួងនឹងពន្លឿនការសាង សង់ផ្លូវនេះ ដើម្បីជួយកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ ថែមទាំងបានជំរុញកំណើនវិស័យសេដ្ឋកិច្ច នៅកម្ពុជា ផងដែរ។

សំឡេង៖« ការសាងសង់ផ្លូវ ជាតិលេខ២និងលេខ២២នេះ តាំងពីថ្ងៃយើងបើកការដ្ឋាន មកដល់ពេលយើងសាងសង់បាន៤៥ភាគរយ តាមការគ្រោងទុក ផ្លូវនេះត្រូវបានបញ្ចប់នៅខែមេសាឆ្នាំ២០២២ ។ ដូច្នេះយើងខ្ញុំនឹងខិតខំ ជំរុញតាមដានក្រុមហ៊ុនសាង សង់នេះ ឱ្យរកគ្រឿងចាក់បន្ថែមនិងបុលិ្គកបន្ថែម ដើម្បីជំរុញយ៉ាងណាឱ្យការងារសាងសង់នេះចប់ជាស្ថាពរតាមការគ្រោងទុក ។ ដូច្នេះយើងនឹងខិតខំបន្តទៀត ជំរុញតាមដាន ពិនិត្យលើគុណភាពសាងសង់ផ្លូវ លេខ២ និងលេខ២២នេះ ឱ្យបានដិតដល់និងញឹកញាប់បំផុត»។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ នេះ បានបើកការដ្ឋានសាងសង់កាលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ ដែលគ្រោងបញ្ចប់នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២។ គម្រោងស្ថាបនាផ្លូវនេះមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ ២ ចាប់ ពីរង្វង់មូលតាខ្មៅដល់អូរចំបក់មានប្រវែងជាង ៦២ គីឡូ ម៉ែត្រ និងផ្លូវជាតិលេខ ២២ ពីអូរចំបក់ដល់អង្គតាសោមមានប្រវែងជាង ៩ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ៕

ប្រភព៖ ក្រសួងព័ត៌មាន