ប្រទេសចិន បានផ្អាកការនាំចូល និងនាំចេញទាំងអស់នៅច្រកព្រំដែនមួយរបស់ខ្លួនក្នុងខេត្ត Guangxi ជាមួយខេត្ត Lang Son របស់វៀតណាម ចាប់ពីថ្ងៃព្រហស្បតិ៍ ដើម្បីជាវិធានការបង្ការជំងឺរាតត្បាត។ យោងតាមនាយកដ្ឋានទីផ្សារអាស៊ី-អាហ្រ្វិកក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម មន្រ្តីគយចិនបានបិទច្រកព្រំដែន Lung Vai របស់ខ្លួននៅខេត្ត Guangxi ជាមួយច្រកព្រំដែន Coc Nam នៅខេត្ត Lang Son ចាប់ពីម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍។
អាជ្ញាធរ Lang Son បាននិយាយថា គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះមិនមានកុងតឺន័រជាប់គាំងនៅច្រកព្រំដែន Coc Nam ទេ។ ហើយអាជ្ញាធរខេត្តបានជូនដំណឹងដល់អាជីវករ និងអាជីវកកម្មទាំងឡាយបញ្ឈប់ការបញ្ជូនទំនិញទៅព្រំដែន។ យ៉ាងណាមិញ ការបើកច្រកព្រំដែនឡើងវិញ នឹងអាស្រ័យលើស្ថានភាពជំងឺរាតត្បាត និងតម្រូវការការបោសសំអាតទំនិញឆ្លងកាត់តំបន់នេះ។
គួរឱ្យដឹងផងដែរថា កាលពីដើមខែនេះប្រទេសចិនបានបិទច្រកព្រំដែនមួយទៀតជាមួយខេត្ត Lang Son របស់វៀតណាមដើម្បីពិនិត្យឡើងវិញអំពីវិធានការសុវត្ថិភាព Covid-19 ប៉ុន្តែបានបើកឡើងវិញនៅប៉ុន្មានថ្ងៃក្រោយ។ ប្រទេសចិន គឺជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងដែលមានតម្លៃ ២៨.៧ ពាន់លានដុល្លារកើនឡើង ២៤% ពីមួយឆ្នាំទៅមួយឆ្នាំនេះបើយោងតាមការិយាល័យស្ថិតិទូទៅ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


