ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៣ ជាមួយទំហំទឹកប្រាក់ជិត១៥លានដុល្លារ
សេដ្ឋកិច្ច August 28, 2021 Khmernote

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ថែមទៀត សរុបទុនវិនិយោគជិត ១៥ លានដុល្លារ និងបង្កើតការងារជាង ៤ពាន់កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១ ក្រុមហ៊ុនSHINING FASHION INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លាន ៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៤៧កន្លែង។

ទី២ ក្រុមហ៊ុន MELYO PLASTIC TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក និងធុងជ័រ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ៤លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។ ទី៣ ក្រុមហ៊ុន KICYN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៦លាន៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៧កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន