ចិន បានស្នើឱ្យកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើប៉ុន្មានចំណុចនេះ សម្រាប់ការចរចានាំចេញផ្លែមៀនប៉ៃលិន
សេដ្ឋកិច្ច August 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រទេសចិនបានស្នើឱ្យកម្ពុជា ធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវនិងការដាក់ចេញវិធានការ សម្រាប់ទប់ស្កាត់និងកម្ចាត់ សមាសភាពចង្រៃ សម្រាប់ការចរចានាំចេញផ្លែមៀនប៉ៃលិន បន្ទាប់ពីអគ្គរដ្ឋបាលគយចិនបញ្ជាក់ថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិន ទទួលបានការវិវត្តន៍មួយកម្រិតហើយ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនូវឯកសារបច្ចេកទេស សម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារ នាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន ។

ឯកឧត្តម បានបន្តថា ក្នុងគោលបំណងពន្លឿនការងារចរចាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើក សំណើផ្ញើជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាលើកទីពីរ ដើម្បីស្នើសុំឱ្យជួយ អន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោកជំទាវ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណៈរដ្ឋ ប្រជាមានិតចិន ។

ជាកិច្ចឆ្លើយតប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានគោរពជម្រាបជូនលោកជំទាវ អគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹង ជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់នាំចូលមកប្រទេសចិនទទួលបានការវិវត្តន៍មួយកម្រិត ។

យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគីកម្ពុជានិងការស្រាវជ្រាវលើឯកសារ ភាគីចិន បានធ្វើការវាយតម្លៃសមាសភាពចង្រៃ ដែលកើតមានលើផ្លែមៀនកម្ពុជា និងជាបឋមបានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិនយកចិត្តទុកដាក់ ៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។

ទន្ទឹមនឹងនេះ ភាគីចិនបានស្នើឱ្យភាគីកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការសម្រាប់ទប់ស្កាត់និង កម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ ។ ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិនបានបញ្ជាក់ថា ៖ សង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជំរុញ ការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន ឱ្យទទួលបានជោគជ័យ៕

ប្រភព៖ ក្រសួងព័ត៌មាន