យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រោងចក្រកាត់ដេរ ចំនួន២០ បន្ថែមទៀត គ្រោងនឹងបើកដំណើរការ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងផ្ដល់ឱកាសការងាររាប់ពាន់កន្លែង។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដូច្នេះក្នុងឱកាសចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ប្រមាណ ៩៨៥៨នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។
នាឱកាសនោះ ឯកឧត្តម បានថ្លែងទៀតថា ទោះបីជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយ ខេត្តកំពង់ស្ពឺ នៅតែជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគទុន ដោយសារបរិយាកាសភូមិសាស្ត្រល្អប្រសើរ កម្មករ កម្មការិនី នៅក្នុងខេត្តនេះមានភាពឧស្សាហ៍ព្យាយាមជាពិសេសមិនចូលចិត្តធ្វើកូដកម្ម។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកនៅតែព្រួយបារម្ភអំពីកង្វះកម្មករនៅក្នុងរោងចក្រក្នុងខេត្ត។ ខណៈខេត្ត កំពុងប្រឈមនឹងការខ្វះខាតកម្មករជាង ១ ម៉ឺននាក់ដើម្បីធ្វើការនៅក្នុងរោងចក្រ ដែលទិន្នន័យនេះមិនទាន់រាប់បញ្ចូលរោងចក្រទាំង ២០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះទេ៕


ប្រភព៖ ក្រសួងព័ត៌មាន


