យោងតាមការសិក្សាអំពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនៃវិបត្តិសេដ្ឋកិច្ចសាធារណៈបានបង្ហាញថា មនុស្សជិត ៨០០,០០០ នាក់ទៀតបានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសិក្សានេះ ត្រូវបានរៀបចំឡើងដោយអង្គភាព ស្រាវជ្រាវ និងច្នៃប្រឌិតវិទ្យាសាស្ត្រថៃ (TSRI) និងត្រូវបានពិភាក្សានៅក្នុងវេទិកានាពេលថ្មីៗនេះ ដែលមានការចូលរួមពីអ្នកស្រាវជ្រាវ និងអ្នកជំនាញ។
លោក Somchai Jitsuchon មកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រទេសថៃ ដែលបានអនុវត្តការស្រាវជ្រាវបាននិយាយថា ការសិក្សានេះបានវិភាគផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើភាពក្រីក្រ ដោយផ្តោតលើក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ មនុស្សចាស់ ជនពិការ ជនអនាថា និងកម្មករចំណាកស្រុក។
ជាក់ស្ដែង អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ១.៩៧% នៅក្នុងត្រីមាសទី២ កាលពីឆ្នាំមុន ពី ១.០៣% នៅក្នុងត្រីមាសទី១ មានន័យថា ប្រជាជនប្រហែល ៧០ម៉ឺននាក់គ្មានការងារធ្វើ។ ជាមួយគ្នានេះ ការធ្លាក់ចុះប្រាក់ចំណូលជាទូទៅ បានជំរុញឱ្យមានភាពក្រីក្រ ខណៈធនាគារពិភពលោក ព្យាករណ៍ថា ចំនួនអ្នកក្រីក្របានកើនឡើងចំនួន ៧៨០,០០០ នាក់កាលពីឆ្នាំមុន។ លើសពីនេះ ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ លើកទី ៣ នៅដើមខែមេសានេះ ហាក់ដូចជាធ្វើឱ្យស្ថានភាពភាពក្រីក្រកាន់តែធ្ងន់ធ្ងរថែមទៀត ហើយផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺកម្មករដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ដែលមានការអប់រំតិចតួច មិនចេះអក្សរ និងផ្នែកបច្ចេកវិទ្យា៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


