វៀតណាម ស្នើសុំឱ្យប្រទេសចិនបន្តនាំចូលកសិផលឆ្លងកាត់ព្រំដែនឡើងវិញ បន្ទាប់ពីផ្អាកដោយសារជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមបានស្នើសុំឱ្យប្រទេសចិន បន្តនាំចូលកសិផលឆ្លងកាត់ព្រំដែននៃខេត្តយូណាន បន្ទាប់ពីផ្អាកជាងមួយខែដោយសារការភ័យខ្លាចនៃជំងឺកូវីដ-១៩។ ការស្នើសុំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានប្រាប់ក្រសួងពាណិជ្ជកម្មចិន និងអាជ្ញាធរខេត្តយូណានថា មិនមានការរកឃើញករណីកូវីដ-១៩ នៅតាមបណ្តោយព្រំដែននៃខេត្តយូណានទេ ហើយមានរថយន្តដឹកទំនិញចិនប្រហែល ៤០០ គ្រឿងក្នុងមួយថ្ងៃចូលទៅប្រទេសវៀតណាម ខណៈខេត្តយូណាន បានបញ្ឈប់ការនាំចូលកសិផលជាពិសេសផ្លែស្រកានាគពីប្រទេសវៀតណាមចាប់តាំងពីខែកក្កដាមក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Nguyen Hong Dien បានស្នើឱ្យបន្តការជួញដូរនៅយូណាន ដោយមានវិធានការសុវត្ថិភាពដូចដែលបានធ្វើអស់រយៈពេលជាងមួយឆ្នាំកន្លងមក ខណៈក្រុមហ៊ុនវៀតណាមជាច្រើននៅដើមខែនេះ បានត្អូញត្អែរថា ការដែលចិនបញ្ឈប់ការនាំចូលផ្លែស្រកានាគ និងវិធានការរឹតបន្តឹងសុវត្ថិភាពបានបង្កើនការលំបាកសម្រាប់អាជីវកម្មរបស់ពួកគេ។

គួរឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតទី ២ របស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងដែលមានតម្លៃ ២៨.៧ ពាន់លានដុល្លារ កើនឡើង ២៤% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress