រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ជាង ៤០០លានដុល្លារ ដល់គ្រួសារក្រីក្រជាង ៦សែនគ្រួសារ ក្នុងរយៈពេលប្រមាណមួយឆ្នាំជាងកន្លងទៅនេះ
សេដ្ឋកិច្ច August 25, 2021 Khmernote

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា រយៈពេលប្រមាណមួយឆ្នាំជាងកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ ១,៦៤៣,០៦២,៩៨៦,០០០រៀល ស្មើនឹង ៤១០លាន ៧សែនដុល្លារអាមេរិក ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ៦ ជុំ មាន ១៤លើករួចមកហើយ។

រាជរដ្ឋាភិបាលបានផ្តល់ការអន្តរាគមន៍ក្នុងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១ បានចំណាយថវិការដ្ឋចំនួន ១,៦៤៣,០៦២,៩៨៦,០០០ រៀល (មួយពាន់ប្រាំមួយរយសែសិបបីប៊ីលាន ហុកសិបពីរលាន ប្រាំបួនរយប៉ែតសិបប្រាំមួយពាន់រៀលគត់ ស្មើនឹង ៤១០.៧៧ លានដុល្លារអាមេរិក។ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៦ លើកទី២ និងចាប់ផ្តើមពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០ ២១ មានរយៈពេល ៣០ថ្ងៃ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែសម្រាប់អ្នកក្រីក្រកម្រិត១ និងកម្រិត២ហើយ នោះ កាលពីកន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភថវិកាសម្រាប់អ្នកនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលមានចំនួនជាង ៦ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ ៦លានដុល្លារផងដែរ។ ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានផ្តល់សាច់ប្រាក់ជួយឧបត្ថម្ភដល់កម្មករ និយោជិតដែលបាត់បត់ការងារ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន