អស្ចារ្យណាស់! មន្ទីរពេទ្យខេត្តកំពង់ចាមមានផ្នែកមន្ទីរពិសោធន៍ថ្មី ដែលអាចធ្វើតេស្តរកមេរោគកូវីដ១៩ និងផលិតអុកស៊ីហ្សែន ដោយខ្លួនឯង
សេដ្ឋកិច្ច August 25, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យខេត្តកំពង់ចាមមានផ្នែកមន្ទីរពិសោធន៍ថ្មី អាចធ្វើតេស្តរកមេរោគកូវីដ១៩ និងផលិតអុកស៊ីហ្សែន ដោយខ្លួនឯង។ នៅក្នុងឱកាសអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចុះពិនិត្យមើល ដំណើរការមន្ទីរផ្នែកពិសោធន៍ថ្មីនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គឹម សួរភិរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅមន្ទីរពេទ្យខេត្តកំពង់ចាមកន្លងមកនេះ យើងមានមន្ទីរផ្នែកពិសោធន៍ សម្រាប់វិភាគរកមេរោគផ្សេងៗ តែមិនអាចធ្វើតេស្តរកមេរោគ កូវីដ១៩ឡើយ។

ឯកឧត្តមបញ្ជាក់ថា ឥឡូវនេះ មន្ទីរពេទ្យខេត្តមានផ្នែកមន្ទីរពិសោធន៍បាន បណ្តុះបណ្តាល បុគ្គលិកចំនួន៨នាក់ ជាអ្នកវិភាគម៉ាស៊ីន Xpert PCR.COV2 ដែលមន្ទីរពេទ្យខេត្តទទួលបានម៉ាស៊ីន២គ្រឿង ដែលអាចមានលទ្ធភាពធ្វើវិភាគសំណាក តេស្តរកមេរោគកូវីដ១៩ បានក្នុង១ថ្ងៃ ពី៨០ ទៅ១០០នាក់ ក្នុងរយៈពេល២៤ម៉ោង អាចឱ្យយើងធ្វើការងារបានលឿន ក្នុងគោលដៅរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃ មេរោគកូវីដ១៩ក្នងភូមិសាស្ត្ររបស់ខេត្ត។

ឯកឧត្តម គឹម សួរភិរុណ បានបញ្ជាក់ទៀតថា ផ្នែកមន្ទីរពិសោធន៍ថ្មីនេះ គឺយើងវិភាគធ្វើតេស្តរកមេរោគកូវីដ១៩បានតែមេរោគកូវីដធម្មតាទេ សម្រាប់មេរោគ កូវីដ១៩ប្រភេទដែលតា មិនទាន់អាចធ្វើបានទេ គឺការធ្វើតេស្តរកមេរោគកូវីដប្រភេទដែលតា គឺពឹងផ្អែកលើវិទ្យាស្ថានប៉ាស្ទ័រ។ ជាមួយគ្នានោះដែរ មន្ទីរពេទ្យខេត្តបាន និងកំពុងរៀបចំកន្លងផលិតអុកស៊ីហ្សែន​ សម្រាប់បម្រើការព្យាបាលនៅក្របខ័ណ្ឌរបស់ខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន