យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា វិស័យវារីវប្បកម្មនៅកម្ពុជានៅតែបន្តជួបបញ្ហាប្រឈម ខណៈដែលវីរុសកូវីដ-១៩នៅតែបន្តរាត ត្បាត ដែលធ្វើឱ្យវិស័យឯក ជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា វារីវប្បកម្មបានជួបប្រទះនឹងបញ្ហាប្រឈមក្នុងឆ្នាំ២០២០ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយកម្មវិធីជួបជុំដូចជា ការរៀបអាពាហ៍ពិពាហ៍ បុណ្យទានផ្សេងៗ កន្លែងទេសចរណ៍ និងភោជនីយដ្ឋានមួយមួយចំនួនត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នដែលបានធ្វើឱ្យតម្រូវការត្រីសាច់មានការថយចុះ គួបផ្សំផលិតផលវារីវប្បកម្មក្នុងស្រុកមិនអាចធ្វើការប្រកួតប្រជែងបានជាមួយការនាំចូលត្រីពីប្រទេសជិតខាង ដែលជាហេតុធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការរកទីផ្សារ។
ក្នុងបរិកានេះ ក្រសួងក៏បានសង្កេតឃើញថា វិស័យឯកជន និងវារីវប្បករដែលប្រកបរបរវារីរប្បកម្មខ្នាតធំបានជួបប្រទះនូវបញ្ហាការកកស្ទះត្រី ដោយពួកគាត់ផលិតត្រីបានហើយ ប៉ុន្តែគ្មានឈ្មួញមកទិញ ឬលក់បានក្នុងតម្លៃទាបជាងថ្លៃដើមផលិត ហើយបញ្ហានេះធ្វើឱ្យមានការអូសបន្លាយរហូតដល់ឆ្នាំ២០២១ ដែលវិស័យឯកជនមួយចំនួនមានលក្ខណៈនឿយណាយ និងពន្យារពេលក្នុងការដាក់កូនត្រីពូជចិញ្ចឹមបន្ត ។
ឯកឧត្តមបន្តថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ និងការកកស្ទះផលិតផលវារីវប្បកម្មនេះ វារីវប្បករមួយចំនួន បានងាកផ្តោតទៅលើការងារកែច្នៃបន្ថែម ដូចជា ការកែច្នៃត្រីឆ្អើរ ត្រីងៀត ត្រីប្រាហើម ផ្អក ប្រហុក ជាដើម ដើម្បីកាត់ បន្ថយការកកស្ទះត្រី ធ្វើសមាហរណកម្មផលិតផលវារីវប្ប កម្មកែច្នៃទៅក្នុងទីផ្សារ និងបន្ថែមតម្លៃនៅក្នុងខ្សែច្រវាក់ផលិតកម្ម ។
សូមបញ្ជាក់ថា ផលវារីវប្ប កម្មទទួលបានគិតពីថ្ងៃទី១ ខែមករាដល់បច្ចុប្បន្នសរុបមានចំនួន ១៥១,៤៥៧ តោន និងកូនពូជវារីសត្វគ្រប់ប្រភេទចំនួន ២៣៨ ៧៥៩ ៩៥២ កូន ។ ផលសរុបនេះបានមកពីវារីវប្បកម្មទឹកសាប រួមមាន៖ ត្រីប្រា ពោ ឆ្តោ រ៉ស់ ឆ្ពិន ព្រលូង ក្រាញ់ អណ្តែង ទីឡាព្យា ត្រីចម្រុះ កង្កែប កន្ធាយ បង្កងទឹកសាប បង្កងអូស្ត្រាលី អន្ទង់ទឹកសាបជាដើម និងវារីវប្បកម្មសមុទ្ររួមមាន ត្រីឆ្ពង់ ត្រីតុកកែ បង្គា ក្តាមថ្ម គ្រែងឈាម សារាយ សមុទ្រ គ្រំចំពុះទា ត្រីផ្ទក់សមុទ្រ និងគ្រែងឈាម ៕


ប្រភព៖ ក្រសួងព័ត៌មាន


