យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បងប្អូនប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន) នៅក្នុងឃុំ រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្ដបាត់ដំបងបានត្អូចត្អែថា បច្ចុប្បន្ននេះ កសិផលផ្លែតាង៉ែន របស់ខ្លួនបានជួបបញ្ហាគ្មានទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត។ បងប្អូនប្រជាកសិករដែលជាម្ចាស់ចម្ការទាំងនោះក៏បានសំណូមពរ សុំឱ្យរាជរដ្ឋាភិបាលជួយរកទីផ្សារក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីជួយដល់ជីវភាពប្រជាកសិករ និងធានាដល់ការដាំដុះបានយូរអង្វែង។
ការស្នើសុំរបស់បងប្អូនកសិករនេះ បានលើកឡើងក្នុងឱកាសជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្ដី និងឯកឧត្តមអភិបាលខេត្តបាត់ដំបង រួមនឹងអង្គភាពជំនាញមួយចំនួនទៀត ដែលបានចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន) របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ការចុះដល់ចម្ការរបស់បងប្អូនប្រជាកសិករដោយផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង គឺតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាល ថ្លៃដើមក្នុងការផលិតរបស់ប្រជាកសិករ ដោយឱ្យក្រុមការងារទទួលទិញក្នុងតម្លៃស្រុះស្រួលគ្នាដល់ចម្ការរបស់បងប្អូន ដែលព្រមព្រៀងគ្នា ក្នុង១គីឡូក្រាមតម្លៃ ១ ៨០០ រៀល ។
ឯកឧត្តម នាយឧត្តមសេនីយកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ការប្រមូលទិញផ្លែមៀន(តាង៉េន) នាពេលនេះមិនមែនយកទៅជួញដូរនោះទេ គឺសម្តេចតេជោឱ្យក្រុមការងារនាំយកទៅផ្តល់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពជួរមុខ និងនៅតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័កនានាបានទទួលទានផងដែរ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាកសិករ ដែលជាម្ចាស់ចម្ការតាង៉ែន ក៏បានសម្ដែងនូវក្តីសង្ឃឹម និងរីករាយ ជាពិសេសថ្លែងអំណរគុណសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានជួយសម្រាលការលំបាក និងប្រមូលបានទុនមួយផ្នែកមកវិញ ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពធ្វើការផលិតបន្តទៀត ។
ឯកត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ដែលជាម្ចាស់ចម្ការ មៀន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ដែលបានជួយដោះស្រាយបញ្ហានេះចំកាលៈទេសៈ ក្នុងពេលកសិករជួបការលំបាក និងជំងឺរាតត្បាតកូវីដ១៩ផងនោះ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា ក្នុងស្ថានភាពពេលនេះ សម្រាប់ទីផ្សារកសិផលផ្លែមៀន គឺចង្អៀតជាងមុន ក្នុងការនាំចេញទៅក្រៅប្រទេស និងបានធ្វើឱ្យប្រជាកសិករអស់ក្តីបារម្ភតាមរយៈការប្រមូលទិញពីក្រុមការងាររបស់សម្តេចតេជោ៕



ប្រភព៖ ក្រសួងព័ត៌មាន


