ផ្លូវជាតិចំនួន ៣ខ្សែ នឹងត្រូវលើក កម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូ AC
សេដ្ឋកិច្ច August 20, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែបន្ថែមទៀត នឹងត្រូវលើកកម្ពស់គុណភាពពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ ៣ទៅស្រុកកំពង់ត្រាច, និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣ខ្សែនេះ ត្រូវបានចុះកិច្ចសន្យាសាងសង់រួចហើយ ដោយនៅរង់ចាំតែការរៀបចំបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិដែលត្រូវបានលើកកម្ពស់គុណភាពរួចហើយមាន៖ ផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២និង២២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, ផ្លូវជាតិលេខ៨, ផ្លូវជាតិលេខ៩, ផ្លូវជាតិលេខ១០។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បន្តថា ក្រៅពីគម្រោងកែលម្អផ្លូវជាតិទាំង៣ខ្សែនេះ ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវាត់ក្រុងទី៤, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ, បានបញ្ចប់ការសិក្សាគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ខណៈគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន ៦៥ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញាឆ្នាំ២០២២ និងកំពុងសិក្សាគម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយផ្អែកលើគោលការណ៍កសាង ប្រតិបត្តិផ្ទេរ(BOT)។ ជាមួយគ្នានេះ ក៏បានបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុចំនួន៣៤ខ្សែ។

ដោយឡែក សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប គិតរហូតមកទល់ពេលនេះ សម្រេចបានប្រមាណ ៧០ភាគរយ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានការរីកចម្រើន ដើម្បីបម្រើដល់ការដឹកជញ្ជូន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន