ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនាប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៥១,០០០នាក់។ តួលេខនេះ គឺកើនឡើងពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងត្រូវបានសន្មត់ថា ភ្ញៀវទេសចរសុទ្ធសឹងតែជាអ្នកមកចូលរួមកីឡាអូឡាំពិកតូក្យូ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ២ឆ្នាំមុន ពោលគឺនៅឆ្នាំ ២០១៩ ចំនួនអ្នកទស្សនាបានធ្លាក់ចុះ ៩៨% ហើយនៅតែស្ថិតក្នុងកម្រិតទាបបំផុតដដែល។
អង្គការទេសចរណ៍ជាតិជប៉ុននិយាយថា អ្នកទេសចរបរទេសប្រមាណ ៥១,១០០នាក់ បានមកទស្សនាប្រទេសជប៉ុននៅក្នុងខែកក្កដាដែលភាគច្រើនជាអត្តពលិក និងមន្រ្តីចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ ជាមួយគ្នានេះ កាលពីឆ្នាំមុនតួលេខនេះមានត្រឹមតែប្រមាណ ៣,៧០០ ប៉ុណ្ណោះសម្រាប់រយៈពេលដូចគ្នា។
គួរឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានដាក់កំហិតទាំងស្រុងចំពោះការចូលរបស់ជនបរទេសក្នុងប្រទេសជប៉ុន លើកលែងតែកាលៈទេសៈពិសេសដូចជា ការចូលរបស់ជនបរទេសដែលត្រូវស្នាក់នៅប្រទេសជប៉ុន ឬអ្នកដែលត្រូវទៅដើម្បីចូលរួមពិធីបុណ្យសពរបស់សាច់ញាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


