មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា កសិករដាំមៀននៅកម្ពុជាអាចមានសង្ឃឹមសារជាថ្មីនាំចេញទៅថៃ បន្ទាប់ពីចិនសម្រេចឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបាន។ នេះបើយោងតាមការចេញផ្សាយព័ត៌មានជាសម្លេងរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។
បើតាមឯកឧត្តម ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា អ្នកដាំមៀននៅកម្ពុជា អាចមានសង្ឃឹមសារជាថ្មី ក្នុងការនាំចេញមៀនទៅថៃ បន្ទាប់ពីរដ្ឋាភិបាលចិនសម្រេចឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបានឡើងវិញ។
សូមបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានប្រជាពលរដ្ឋអ្នកដាំមៀននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញនូវក្ដីព្រួយបារម្ភចំពោះការខាតបង់របស់ពួកគាត់ ដោយសារមៀនដល់ពេលប្រមូលផល ស្រាប់តែមិនអាចនាំចេញទៅប្រទេសថៃបាន។ ខណៈដែលប្រទេសថៃ ដែលធ្លាប់នាំមៀនទៅទីផ្សារចិនជួបបញ្ហា ដោយសារតែនៅលើផ្លែមៀនជាប់ ចៃម្ស៉ៅ។
សហគមន៍មៀនប៉ៃលិន បានអះអាងថាសមាជិករបស់ខ្លួនមានទាំងខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ មានទិន្នផលមៀនប៉ៃលិនដែលត្រូវប្រមូលផលចំនួន ៥ម៉ឺនតោន។ បន្ទាប់ពីទទួលបាននូវដំណឹងដ៏លំបាករបស់ប្រជាកសិករនេះ នូវរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋានអង្គរក្ស ប្រមូលទិញផ្លែមៀនរបស់កសិករ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមនៅក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕



ប្រភព៖ ក្រសួងព័ត៌មាន


