យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ថ្មីៗនេះសម្តេចបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅ ប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
សម្តេចតេជោបញ្ជាក់ថា នៅពេលប្រមូលទិញបានសម្តេចនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ សម្តេចតេជោហ៊ុនសែនបញ្ជាក់ថា នេះជាវិធី ដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយការទិញនេះក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
ជាដំណោះស្រាយសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ សម្តេចតេជោហ៊ុនសែនក៏បានណែនាំឱ្យឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈអភិបាលខេត្ត បាត់ដំបង លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។
សម្រាប់ចម្ការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំង ប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចបានបញ្ជាក់យ៉ាងខ្លីថា សម្តេចអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែសម្តេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចម្ការមៀនច្រើននោះទេ សុំការយោគយល់ផង៕



ប្រភព៖ ក្រសួងព័ត៌មាន


