ប្រទេសថៃ ត្រូវការថវិកាចំនួន ៣០ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 19, 2021 Khmernote

ទេសាភិបាលធនាគារកណ្តាលថៃបាននិយាយនៅថ្ងៃទី ១៦ ខែសីហានេះថា ប្រទេសថៃត្រូវការថវិកាចំនួន ១ទ្រីលានបាត (២៩,៩ ពាន់លានដុល្លារ) ដើម្បីធានាការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន។ លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានព្យាករថា ការគាំទ្រផ្នែកសារពើពន្ធចំនួន ១ ទ្រីលានបាតឬ ៧នៃផលិតផលក្នុងស្រុកសរុប គឺសមហេតុផល ទៅនឹងបញ្ហាដែលសេដ្ឋកិច្ចកំពុងជួបប្រទះ។

លោកបានមានប្រសាសន៍បន្ថែមថា បញ្ហា គឺអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧-៩៨ ដោយការផ្ទុះឡើងនេះបានបង្កើត “ចន្លោះប្រហោងប្រាក់ចំណូល” ដ៏ធំនៅក្នុងសេដ្ឋកិច្ចថៃ ដោយការខាតបង់ប្រាក់ចំណូលត្រូវបានគេរំពឹងថា នឹងមានចំនួន ២,៦ ទ្រីលានបាត – ១,៨ ទ្រីលានបាតនៅឆ្នាំ ២០២០-២០២១ និង ៨០០ ពាន់លានបាតនៅឆ្នាំ ២០២២។

ជាមួយគ្នានេះ ចំនួនអ្នកគ្មានការងារធ្វើត្រូវបានគេរំពឹងថា នឹងមានចំនួន ៣.៤ លាននាក់នៅចុងឆ្នាំ២០២១ ពោលគឺកើនឡើងពី ៣ លាននាក់នៅត្រីមាសទី ២។ គួរឱ្យដឹងថា ប្រទេសថៃបានឃើញការកើនឡើងនៃករណីឆ្លង និងការបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលជំរុញឱ្យមានវិធានការតឹងរ៉ឹងបន្ថែមទៀតនៅខែនេះ និងពង្រីកទៅតំបន់ដែលមានប្រហែល ៨០% នៃផលិតផលក្នុងស្រុកសរុប៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus