JICA ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន បន្តគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងខេត្តចំនួន ៤នៅក្នុងកម្ពុជា
ទេសចរណ៍ August 18, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន ហៅកាត់ថា (JICA) បន្តគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ស្ពឺ និងកំពត។

កាលពីថ្ងៃទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ លោក ម៉ែន ភារម្យ អគ្គនាយរងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងក្រុមការងារ បានជួបប្រជុំពិភ្សាជាមួយក្រុមការងារទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិប្រទេសជប៉ុន (JICA) និងតំណាងមន្ទីរទេសចរណ៍ក្នុងគោលដៅគម្រោង ដើម្បីពិភាក្សាលម្អិតលើការគាំទ្រដល់ការស្តារវិស័យទេសចរណ៍ឡើងវិញក្នុងខេត្តកំពង់ឆ្នាំ ពោធិសាត់ កំពង់ស្ពឺ និងកំពត តាមរយៈគម្រោងរយៈពេលខ្លីរួមមាន៖ (១) ជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (២) ការកសាងហេដ្ឋារចនាសម្ព័ន្ធជាបង្គន់អនាម័យសាធារណៈ (៣) ការបណ្តុះបណ្តាលលើជំនាញបដិសណ្ឋារកិច្ច ហូកា និងផ្សព្វផ្សាយទេសចរណ៍ និង (៤) ការធ្វើអង្កេតលើស្ថានភាពបច្ចុប្បន្នសម្រាប់វិស័យទេសចរណ៍ក្នុងខេត្តគោលដៅរបស់គម្រោង។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១នេះ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម៕

អត្ថបទ៖ លីនី