យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ២០២១នេះ ការដាំដុះស្រូវវស្សារបស់កសិករសម្រេចបាន ស្ទើរតែ ១០០ភាគរយហើយ ដែលមានល្បឿនលឿនជាងឆ្នាំ២០២០ កន្លងទៅ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ដូចជា ភ្ជួររាស់ ដកស្ទូង មានល្បឿនលឿនជាងឆ្នាំ២០២០កន្លងទៅ ដោយសារកត្តាធម្មជាតិអំណោយផល មាន ភ្លៀងធ្លាក់ដើមរដូវវស្សា ដែលធ្វើឱ្យកសិករប្រញាប់ប្រញាល់ក្នុងបង្កបង្កើនផលស្រូវឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះពាក់ព័ន្ធនឹងការបង្កបង្កើនផលស្រូវ ប្រជាកសិករភាគច្រើន បានងាកទៅប្រើប្រាស់គ្រឿងយន្តកសិកម្ម ដោយបានកាត់បន្ថយការប្រើកម្លាំងមនុស្ស គោ ក្របី ស្ទើរតែ១០០ភាគរយទៅហើយ ដើម្បីធ្វើឱ្យការងារបង្កបង្កើនផលស្រូវមានសភាព លឿន ងាយស្រួល ត្រូវតាមស្តង់ដារ ជាពិសេសមានគុណភាពល្អ ។
« ជារួមគឺយើងសម្រេចការភ្ជួររាស់បានប្រមាណជា១០០,០២ភាគរយលើផែនការហើយ ក្នុងនោះយើងបានធ្វើការភ្ជួររាស់ដោយគ្រឿងចក្របានប្រមាណជា៩៩,៤ភាគរយ ក្រៅពីនោះគឺការភ្ជួររាស់ដោយគោក្របី ។ដោយឡែកបើយើងប្រៀបធៀបល្បឿននៃការភ្ជួររាស់ក្នុងឆ្នាំ២០២១នេះ គឺមានសភាពលឿនជាងឆ្នាំ២០២០កន្លងទៅ គឺប្រមាណជា៩៤,១៤៧ ហិកតា ដោយឡែកការងារព្រួសនិងស្ទូងនៅក្នុងឆ្នាំ២០២១នេះ មកទល់នឹងអំឡុងខែ០៨នេះ យើងសម្រេចបាន ប្រមាណ ២,៥៩៧,២៩១ហិកតា គឺស្មើនឹង៩៩,៥៥ភាគរយ នៃផែនការសរុប២,៦០៩,០០០ហិកតា ដែលក្នុងនោះគឺស្រូវស្រាលមានប្រមាណ ៨៧៧,៧៨៩ ហិកតា ស្រូវកណ្ដាលប្រហែលជា ១២៥,៧៤១ហិកតា ស្រូវធ្ងន់ ៤២៦,៥០២ហិកតា ស្រែចម្ការសម្រេច ១៩,៦១២ ហិកតា និងស្រូវឡើងទឹកសម្រេចបាន២២,៦៤៦ ហិកតា ប្រសិនបើយើងប្រៀបធៀបល្បឿនការងារព្រួសនិងស្ទូង នាឆ្នាំ ២០២១នេះ គឺមានសភាពលឿនជាងឆ្នាំ២០២០ប្រមាណជា១៥៥,៦០០ ហិកតា។
លើសពីនេះ ឯកឧត្តម វេង សាខុន បានបន្ថែមថា នៅក្នុងឆ្នាំ២០២១នេះ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមគឺមានសន្ទុះកើនឡើងល្អប្រសើរ ស្របពេលជាមួយប្រជាកសិករប្រមូលផលស្រូវរដូវប្រាំងកាល ពីពេលកន្លងទៅបានល្អប្រសើរ គួបផ្សំជាមួយនឹងការប្រមូលផលស្រូវដើមរដូវវស្សានាពេលនេះ ដែលធ្វើឱ្យការនាំចេញសម្រេចបានប្រមាណជាង ២លានតោន មានការកើនឡើងជាងឆ្នាំ២០២០ ៕


ប្រភព៖ ក្រសួងព័ត៌មាន


