យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) កាលពីថ្ងៃច័ន្ទបានពង្រីកវិធានការបិទខ្ទប់សម្រាប់ទីក្រុងបាងកក និងខេត្តចំនួន ២៨ ផ្សេងទៀតរហូតដល់ចុងខែសីហា។ អ្នកនាំពាក្យ (CCSA) លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា ទោះយ៉ាងណាក៏ដោយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងផ្សារទំនើបត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ។
ក្នុងកិច្ចប្រជុំ CCSA នៅថ្ងៃអង្គារនេះ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក៏បានសំរេចបង្កើនការធ្វើតេស្តតាមដាន និងវិធានការដាក់នៅដាច់ដោយឡែក តាមរយៈឧបករណ៍តេស្តអង់ទីហ្សែនរហ័ស (ATK) នៅទីក្រុងបាងកក និងតំបន់ជុំវិញ និងបុគ្គលិកបន្ថែមទៀតដើម្បីរៀបចំការដាក់ដោយឡែកនៅតាមផ្ទះ សហគមន៍ ឬមន្ទីរពេទ្យ។
ទន្ទឹមនឹងនេះវិធានការ ធ្វើការងារពីផ្ទះនៅតែបន្តអនុវត្តដដែលនៅក្នុងខេត្តដែលមានការឆ្លងខ្ពស់ចំនួន ២៩ ហើយអ្នកដែលត្រូវចាំបាច់ទៅកន្លែងធ្វើការ ត្រូវធ្វើតេស្ត (ATK)។ ទន្ទឹមនឹងនេះ (CCSA) បានបញ្ជាឱ្យមានវិធានការដាក់នៅដោយឡែក រួមទាំងការធ្វើតេស្ត (ATK) សម្រាប់ក្រុមហ៊ុន និងអង្គការដែលមានបុគ្គលិកជាង ៥០ នាក់។ ដោយឡែករោងចក្រ និងកន្លែងធ្វើការតំបន់ ក្រហមក្រម៉ៅដែលមានបុគ្គលិកជាង ១០០ នាក់ត្រូវអនុវត្តប្រតិបត្តិការដែលមានឈ្មោះថា «bubble-and-seal» ហើយនៅតាមទីផ្សារ ក៏ត្រូវធ្វើតេស្ត (ATK) ប្រចាំសប្តាហ៍ និងការធ្វើតេស្តដោយចៃដន្យផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


