ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានអះអាងថា កញ្ញា រូរី សាជី ( Ruri Saji) Miss Grand Japan 2020 ជប៉ុន បាននិងកំពុងតែជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុននៅក្នុងទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមបទយកការណ៍ដែលចេញដោយក្រសួងព័ត៌មាន។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសង្ឃឹមថាគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងកាន់តែមានប្រជាប្រិយភាពនៅលើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីបានការជួយផ្សព្វផ្សាយពីបវកញ្ញាជប៉ុនសម្រាប់កម្មវិធី Miss Grand Japan 2020 ។
ឯកឧត្តមបានបញ្ជាក់កាលពីពេលថ្មីៗនេះថា “សកម្មភាពផ្សព្វផ្សាយផលិផលគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន ដោយបរវរកញ្ញាជប៉ុន ឆ្នាំ២០២០ កញ្ញា រូរី សាជី” ។ កញ្ញា រូរី សាជី កំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីជូនព័ត៌មានអំពីសក្តានុពល រស់ជាតិ គ្រាប់ស្វាយចន្ទីកម្ពុជា ដល់ប្រជាជនជប៉ុន ។
កាលពីខែមីនា កញ្ញា រូរី សាជី គឺជាបវកញ្ញាជប៉ុនដែលបានឈ្នះពានរង្វាន់លើផ្នែកសម្លៀកបំពាក់ជាតិល្អបំផុតក្នុងកម្មវិធីប្រកួត Miss Grand International ឆ្នាំ ២០២០ ដែលរៀបចំឡើងនៅប្រទេសថៃ។
ចាប់ពីខែមករា ដល់ខែមិថុនា ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ៨៤៣ ២៤៣ តោន ដោយភាគច្រើនទៅប្រទេសវៀតណាម ថៃ និងចិន បន្ទាប់មកទៅកាន់ប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ឡាវ អារ៉ាប់រួម ជាដើម។
នាពេលថ្មីៗនេះ គ្រាប់ស្វាយចន្ទីកម្ពុជាដែលត្រូវបានសាកល្បងដោយជនជាតិជប៉ុន បានបង្ហាញថាគ្រាប់ស្វាយចន្ទីកម្ពុជា មានរសជាតិឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីមកពីប្រទេសនានា ដូចជា វៀតណាម ឥណ្ឌា និងអាហ្រ្វិក ប៉ុន្តែជាទូទៅគុណភាព អនាម័យ ការផលិត ការប្រើប្រាស់បច្ចេកវិទ្យា ដាំដុះ និងការកែច្នៃផលិតផលស្វាយចន្ទី គឺនៅមានកម្រិតនៅឡើយ ហើយកត្តាអវិជ្ជមានទាំងនេះធ្វើឱ្យពិបាកក្នុងការស្វែងរកទីផ្សារនៅជប៉ុន។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោមក្របខ័ណ្ឌនៃជំនួយឥតសំណងខ្នាតតូចរបស់រដ្ឋាភិបាលជប៉ុន កញ្ចប់ជំនួយឥតសំណងតម្លៃ ១៦៩ ៧២០ ដុល្លារត្រូវបានផ្តល់ដើម្បីពង្រឹងសង្វាក់ និងតម្លៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ ជាលទ្ធផល គ្រាប់ស្វាយចន្ទីកែច្នៃចំនួន ៧,៦ តោនដែលជាផលិតផលសម្រេចរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលមានទីតាំងនៅខេត្តកំពង់ធំ ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីខែមិថុនា។
សូមជម្រាបថា ក្នុងឆ្នាំ២០២០ ការដាំដុះស្វាយចន្ទីនៅកម្ពុជាគ្របដណ្តប់លើផ្ទៃដី ២៥៨.៩៨៤ ហិកតា នៅក្នុងនោះ ផ្ទៃដីប្រមូលផលមានប្រមាណជា ១៦២.២៩៤ ហិកតា ជាមួយនឹងទិន្នផលជាមធ្យម ១.៤៩ តោនក្នុងមួយហិកតា៕



ប្រភព៖ ក្រសួងព័ត៌មាន


