គម្រោងទេសចរណ៍ «Phuket sandbox» បង្កើតចំណូល ៣០លានដុល្លារសម្រាប់សេដ្ឋកិច្ចភូកេត
ទេសចរណ៍ August 16, 2021 Khmernote

យោងតាមលោក Thanusak Pheungdet សភាពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា កម្មវិធី «Phuket sandbox» បានទាក់ទាញភ្ញៀវទេសចរបរទេសជាង ១៩,០០០ នាក់និងបង្កើតចំណូលជាង ១ពាន់លានបាតសម្រាប់ខេត្តនេះ។ លោកបានបន្តថា ភ្ញៀវទេសចរបរទេសប្រហែល ៤,០០០ នាក់បានត្រលប់ទៅផ្ទះវិញហើយ ខណៈប្រហែល ១៥,០០០នាក់កំពុងស្នាក់នៅភូកេត ដោយស្នាក់នៅក្នុងសណ្ឋាគារពី ៧,០០០ ទៅ ៨,០០០ បន្ទប់ និងបានបង្កើតចំណូលជាង ១ ពាន់លានបាត (ប្រមាណ ៣០លានដុល្លារ) សម្រាប់អាជីវកម្មក្នុងស្រុក។

ជាមួយគ្នានេះ លោកបាន​បន្ថែមថា សហគ្រិននៅភូកេតមានគម្រោងរៀបចំសកម្មភាពផ្សេងៗដើម្បីទាក់ទាញភ្ញៀវបរទេសក្រៅពីភ្ញៀវទេសចរបែបកម្សាន្តដូចជា ព្រឹត្តិការណ៍កីឡា សន្និបាត និងព្រឹត្តិការណ៍វប្បធម៌នៅចុងឆ្នាំនេះ។ ព្រឹត្តិការណ៍ទាំងនេះក៏នឹងត្រូវការវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីការពារអ្នកទស្សនាឱ្យមានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ-១៩ ផងដែរ។

សូមររម្លឹកថា គម្រោង «sandbox» បានចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ក្នុងគោលបំណងបើកភូកេតឡើងវិញ ដល់ភ្ញៀវបរទេសដើម្បីស្តារឧស្សាហកម្មទេសចរណ៍ក្នុងស្រុកឡើងវិញ។ អ្នកទេសចរដែលទទួលថ្នាំបង្ការអាចហោះហើរចូលភូកេត ហើយធ្វើដំណើរជុំវិញខេត្តដោយសេរីដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ បន្ទាប់ពីចំណាយពេល ១៤ ថ្ងៃនៅភូកេត ហើយប្រសិនបើពួកគេនៅតែធ្វើតេស្តអវិជ្ជមាននោះ ភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៃប្រទេសថៃបាន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand