ចិន ដាក់បំរាមហាមឃាត់ការនាំចូលគ្មានកំណត់លើផ្លែមៀនរបស់ប្រទេសថៃ ដោយសារការចម្លងមេរោគ ជាមួយសត្វល្អិតចង្រៃ
សេដ្ឋកិច្ច August 14, 2021 Khmernote

យោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានឱ្យដឹងថា ប្រទេសចិនបានដាក់បំរាមហាមឃាត់ការនាំចូលគ្មានកំណត់លើផ្លែមៀនរបស់ប្រទេសថៃ ដោយសារការចម្លងមេរោគ ជាមួយសត្វល្អិត។ ប្រភពដដែលបានឱ្យដឹងថា ការហាមឃាត់នេះត្រូវបានកំណត់ឱ្យចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ម្សិលមិញនេះ។

លោក Somdet Susomboon អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលចិន បានអនុម័តការហាមឃាត់នេះ ដោយសារតែសត្វល្អិតចង្រៃ ត្រូវបានគេរកឃើញក្នុងចំណោមការនាំចេញផ្លែមៀនរបស់ថៃ។
លោកបានបន្តថា នាយកដ្ឋានបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្មនៅប្រទេសចិន ដើម្បីស្វែងរកការពន្យាពេលចំពោះការហាមឃាត់នេះដោយសារតែវាត្រូវបានដាក់ចេញក្នុងពេលលឿនពេក ភាគីថៃត្រៀមមិនទាន់។

គួរបញ្ជាក់ផងដែរថា តាមប្រសាសន៍លោក Somdet ប្រសិនបើការចរចាបរាជ័យការនាំចេញផ្លែមៀនថៃ នឹងរងផលប៉ះពាល់ ព្រោះការនាំចេញមៀនថៃ ៧០ ទៅ ៨០% ត្រូវបានកំណត់សម្រាប់ប្រទេសចិន។ ដូច្នេះហើយប្រសិនបើបារាជ័យ នាយកដ្ឋាននឹងស្វែងរកទីផ្សារសក្តានុពលនៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីជៀសវាងការខាតបង់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost