អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោក Harry Roque បានប្រកាសថា ប្រទេសហ្វីលីពីន នឹងពន្យារការហាមឃាត់មិនឱ្យអ្នកទេសចរមកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសចំនួន ៩ ផ្សេងទៀត ចូលមកក្នុងប្រទេសហ្វីលីពីន រហូតដល់ចុងខែសីហានេះ ដោយសារតែមានការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។
ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានយល់ព្រមលើសំណើរបស់កងកម្លាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ដើម្បីពន្យារការហាមឃាត់អ្នកទេសចរមកពី ១០ ប្រទេសចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី៣១ ខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមគ្រប់គ្រងចំនួនករណីឆ្លងកូវីដ-១៩ ខ្ពស់ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយនៅថ្ងៃទី១២ ខែសីហា គឺជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសនេះលើសពី ១២,០០០ករណី។
មិនតែប៉ុណ្ណោះ តំបន់ទីប្រជុំជន Manila ដែលមានទីក្រុងចំនួន ១៦ និងមានប្រជាជនចំនួន ១៣លាននាក់រស់នៅ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការចាក់សោរយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ ប្រភេទ Delta។ ទន្ទឹមនឹងនេះដែររដ្ឋាភិបាលហ្វីលីពីនកំពុងពន្លឿនការចាក់វ៉ាក់សាំងព្រោះមានតែប្រមាណ ១១% នៃប្រជាជន ១១០លាននាក់របស់ប្រទេសប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា ការហាមឃាត់នេះត្រូវបានដាក់ចេញជាលើកដំបូងនៅថ្ងៃទី២៧ ខែមេសា ហើយត្រូវបានពន្យារពេលជាច្រើនដងរួចមកហើយ។ក្រៅពីប្រទេសឥណ្ឌា ប្រទេសផ្សេងទៀតដែលមានក្នុងបញ្ជីខាងលើរួមមាន៖ ប្រទេសម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស ស្រីលង្កា អូម៉ង់ និងអារ៉ាប់រួម៕




អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


