ផ្លូវខ្សែក្រវាត់ ព្រំដែនស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ពិសេសផ្លូវ ក្រាលក្រួសក្រហម ដែលត ភ្ជាប់ទៅកាន់តំបន់ព្រំដែន កម្ពុជា – ថៃ និង ឡាវ ដែលទទួលរងនូវការខូចខាត ដោយអន្លើរៗ ដោយសារជំនន់ទឹកភ្លៀងកន្លងមក ខណៈនេះត្រូវបានមន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រះវិហារបានជួសជុលនិង កែលម្អឡើងវិញបាន ប្រមាណ៩០% ហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។
លោក សំ លាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានឱ្យដឹងថា កន្លងមកនេះ លោកបានបញ្ជូនមន្ត្រីជំនាញនាំយក គ្រឿងចក្រគ្រប់ប្រភេទចុះទៅ កាន់ទីតាំងដែលត្រូវជួសជុល និងកៀរសម្រួលផ្លូវ តភ្ជាប់ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ និង ឡាវ ឱ្យមានភាពល្អប្រសើរឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានហូរច្រោះនិង កាត់ផ្តាច់ជាអន្លើរៗ កាលពី រដូវវស្សាឆ្នាំមុន ហើយបើគិត មកដល់ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានជួសជុល និង កែលម្អ ផ្លូវតាមខ្សែបន្ទាត់ព្រំដែនទាំងនេះបានប្រមាណ ៩០% ហើយ។
លោក សំ លាង ទ្រី បានបញ្ជាក់ថា ផ្លូវដែលរងការខូចខាតខ្លាំង ហើយត្រូវជួសជុលឡើងវិញមានផ្លូវជាតិលេខ ៩៤ប្រវែង ៦៥ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឆែបឆ្ពោះទៅ តំបន់ព្រំដែនកម្ពុជា-ឡាវ, ផ្លូវជាតិលេខ ៩៥ ជាផ្លូវក្រាលក្រួសក្រហម មានប្រវែង ១៣គីឡូម៉ែត្រ តភ្ជាប់ ពី ស្រុកឆែប ឆ្ពោះទៅកាន់ស្រុកជ័យសែន, ផ្លូវជាតិលេខ ៦២ តភ្ជាប់ពីភូមិភ្នំដែក ឆ្ពោះទៅកាន់ភូមិស្វាយដំណាក់ ស្ថិតក្នុងឃុំរមណីយ ស្រុក រវៀង និងផ្លូវជាតិលេខ ៩២ ជាប្រភេទផ្លូវក្រាលក្រួសក្រហម មានប្រវែងជាង ៨០គីឡូម៉ែត្រតភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង និង ព្រះវិហារឆ្ពោះទៅកាន់ ព្រំដែនកម្ពុជា – ឡាវនិងបន្តតភ្ជាប់ទៅកាន់តំបន់បន្ទាយស្រមោចស្ថិតក្នុងស្រុកជាំក្សាន្ត នៃតំបន់ព្រំដែនកម្ពុជា – ថៃ ដោយធ្វើការជួសជុលឆ្លងកាត់ឃុំ កំពង់ស្រឡៅ១ និងកំពង់ស្រឡៅ ២ស្រុកឆែប ខេត្តព្រះវិហារ។
លោក ប្រធានមន្ទីរបាន បញ្ជាក់ទៀតថា ផ្លូវជាតិផ្លូវខេត្ត និងផ្លូវក្រវាត់ព្រំដែន ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ជាអន្លើៗ កន្លងមក យើងបានកែសម្រួលដូចជា ជួសជុល, លុប ជង្ហុក,លុប ផ្លូវ សំបុកមាន់ និង ការ កាត់ សម្អាត រុក្ខជាតិដោយ ម៉ាស៊ីន ស្វ័យប្រវត្តិជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កសិផលកសិកម្មពីទីជនបទ ទៅកាន់ទីប្រជុំជន និងដើម្បីធានាសុខសុវត្ថិភាពក្នុងការធ្វើដំណើរ បានរហ័សចំណាយពេលវេលាតិចជូន ប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗ ពិសេសកងកម្លាំងប្រដាប់អាវុធនិង ប្រជាពលរដ្ឋដែល ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា – ថៃនិង កម្ពុជា – ឡាវក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហារ៕



ប្រភព៖ ក្រសួងព័ត៌មាន


