អាជីវករលក់ស៊ុត រាយ និងបោះដុំ នៅប្រទេសថៃ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ឬពិន័យជាប្រាក់ ១៤ ម៉ឺនបាត បើសិនរកឃើញថាបានធ្វើរឿងពីរនេះ
សេដ្ឋកិច្ច August 12, 2021 Khmernote

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃ កំពុងព្រមានអ្នកលក់ដែលស្តុកទុក និងលក់ស៊ុត ក្នុងតម្លៃរាយមិនសមហេតុសមផល អាចប្រឈមនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់។ លោក Wattanasak Sur-iam អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយទៀតថា ការលាក់ទុកស៊ុតគឺជាបទល្មើសមួយ ផ្អែកតាមមាត្រា ២៩ នៃច្បាប់ស្តីពីតម្លៃទំនិញនិងសេវាកម្ម។ អ្នកល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ១៤ ម៉ឺនបាត ឬទទួលទោសទាំងពីរ។

គួរឱ្យដឹងដែរថា តម្រូវការស៊ុតបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលមានជំងឺរាតត្បាត ដោយសារមនុស្សកាន់តែច្រើននៅផ្ទះដើម្បីធ្វើការ។ លើសពីនេះក្រុមសប្បុរសជនកំពុងទិញពងមាន់ក្នុងបរិមាណច្រើនដោយផ្ទាល់ពីកសិដ្ឋានដើម្បីបរិច្ចាគ។ ជាមួយគ្នានេះ បើតាមការលើកឡើងរបស់លោក Wattanasak ដោយសារមូលហេតុនេះហើយ ទើបធ្វើឱ្យអ្នកលក់ខ្លះកំពុងប្រើឱកាសនេះដើម្បីបញ្ចុះតម្លៃ កេងយកផលប្រយោជន៍ ខណៈតម្លៃពងមាន់នៅកសិកដ្ឋានដែលមានទំហំខុសៗគ្នា ឥឡូវនេះត្រូវបានគេដកស្រង់ក្នុងតម្លៃជាមធ្យម ៣ បាតក្នុងមួយគ្រាប់ គឺកើនឡើងពី ២.៥០-២.៧០ បាតក្នុងខែមករា៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost