ឧស្សាហកម្មនេសាទរបស់វៀតណាម អាចនឹងបាត់បង់ការនាំចេញទៅសហអឺរ៉ុបក្នុងតម្លៃ ៤៨០លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែ វៀតណាម មិនអាចដក “កាតលឿង” ដែលអឺរ៉ុបដាក់ការរឹតត្បិត។ សមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បានរាយការណ៍ថា ចាប់ពីខែតុលាឆ្នាំ ២០១៧ នៅពេលដែលគណៈកម្មការអឺរ៉ុបបានផ្តល់កាតលឿងដល់វៀតណាមចំពោះការខ្វះខាតក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនាំចេញជលផលរបស់ប្រទេសទៅកាន់ប្លុកនេះបានធ្លាក់ចុះ។
តម្លៃនាំចេញបានធ្លាក់ចុះ ១២% នៅចន្លោះឆ្នាំ២០១៧ និង២០១៩ និង៥.៧% ទៀតនៅចន្លោះឆ្នាំ ២០១៩ និង ២០២០ មកនៅត្រឹម ៩៥៩ លានដុល្លារ។ ជាមួយគ្នានេះ សហអឺរ៉ុបបានធ្លាក់ចេញពីទីផ្សារនាំចេញធំជាងគេទី២ របស់វៀតណាម មកនៅលំដាប់ទី ៤ នៅពីក្រោយសហរដ្ឋអាមេរិក ជប៉ុន និងចិន។
ទន្ទឹមនឹងនេះ បើវៀតណាមនៅតែមិនអាចធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់និងរដ្ឋបាលរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់កំណត់ (IUU) វៀតណាមអាចប្រឈមនឹង “កាតក្រហម” ដែលមានន័យថា ការហាមឃាត់ពាណិជ្ជកម្មលើផលិតផលជលផល។
សមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម VASEP ប៉ាន់ប្រមាណថា វៀតណាមនឹងខាតបង់ ៤៨០ លានដុល្លារដោយផ្ទាល់ក្នុងមួយឆ្នាំ ដោយសារការបាត់បង់ទីផ្សារសហភាពអឺរ៉ុប និងផលប៉ះពាល់ដោយប្រយោលចំនួន ៩៣ លានដុល្លារផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា ជលផលគឺជាប្រភេទនាំចេញធំជាងគេទី ៥ នៅប្រទេសវៀតណាមនិងមានចំនួន ៤ ភាគរយនៃការនាំចេញសរុប។ តម្លៃរបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានប្រហែល ៨.៥-៩ ពាន់លានដុល្លារ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


