យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីហេតុផលចំនួន៩ ដែលនាំឱ្យតម្លៃជីកសិកម្មថ្លៃជាងឆ្នាំកន្លងៗទៅ ហើយហេតុផលនោះរួមមាន ការពិបាកនាំចូលដោយសារវិបត្តិកូវីដ១៩ និងការមិនទាន់មានលទ្ធភាពផលិតជីដោយខ្លួនឯងបាន ទើបធ្វើឱ្យតម្លៃជីកសិកម្ម នៅកម្ពុជាឡើងថ្លៃ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ដោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ បានធ្វើឱ្យវិស័យកសិកម្មជួបនឹងបញ្ហាប្រឈម ។ ដោយឡែកផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ បានពិនិត្យឃើញថា មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្មនិងជីកសិកម្មវិញ យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន១០៣,០០៥តោន និងជីកសិកម្មចំនួន ១,៤០៦,៧៧៥តោន។
ក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន។ ក្រសួងកសិកម្មបញ្ជាក់ថា ទន្ទឹមនឹងនេះ តម្លៃជីកសិកម្មក៏មានតម្លៃថ្លៃ ជាងកាលពីឆ្នាំកន្លងទៅដែរ ដោយផ្តើមចេញពីមូលហេតុសំខាន់ៗ មួយចំនួនដូចជា នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេស កម្ពុជា។ វត្ថុធាតុដើមមានការខ្វះខាត ក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយកម្លាំងពលកម្ម ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ការដឹកជញ្ជូនប្រើពេលវេលាយូរ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។
ក្រសួងកសិកម្ម បញ្ជាក់បន្ថែមថា ទន្ទឹមនឹងការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗ ក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់ មិនគ្រប់តាមតម្រូវការ ។ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួន មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ទេ គឺទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃ នៅរោងចក្រផលិត ។ តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួន ប្ដូរពីវិស័យផ្សេងៗ មកវិនិយោគលើវិស័យកសិកម្ម និង ប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបាននៅឡើយ ខណៈដែលអាចមានលទ្ធភាព ផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ៕




ប្រភព៖ ក្រសួងព័ត៌មាន


