IMF អនុម័តថវិកាជាង ១,៥០០លានដុល្លារឱ្យកម្ពុជាដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩
សេដ្ឋកិច្ច August 11, 2021 Khmernote

ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តការវិភាជថវិកាចំនួន ១,៥៦ពាន់លានដុល្លារអាមេរិក ឱ្យមកកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ថវិកាកម្ពុជានឹងទទួលបាននេះ ស្មើនឹង ០,២៤ភាគរយ នៃកញ្ចប់មូលនិធិពិសេសមួយរបស់ (IMF) ក្នុងតម្លៃសរុបជាង៦៥០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័តឡើង ដើម្បីជំរុញលទ្ធភាពទូទាត់ការចំណាយរបស់ សកលលោក។ នេះបើតាមការឱ្យដឹងពីអង្គការអុកហ្វាម នៅរសៀលនៅថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១នេះ។

លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការអុកហ្វាម បានបញ្ជាក់ថា កញ្ចប់មូលនិធិ ពិសេសនេះ នឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើង វិញ ។

លោកស្រី កត់សម្គាល់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងល្អដើម្បីទប់ស្កាត់ការចម្លងមេរោគនេះ ព្រមទាំងគាំទ្រក្រុមប្រជាជនងាយរងគ្រោះ ក្នុងការដោះស្រាយការបាត់បង់មុខរបររបស់ពួកគេ តាមរយៈការ អនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់ ដោយផ្អែកលើប្រព័ន្ធជំនួយសង្គមរបស់ខ្លួន ។

ទោះជាយ៉ាងនេះក្តី លោកស្រី អំពាវឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការប្រកបដោយតម្លា ភាព និងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលដទៃទៀត ដើម្បីប្រើប្រាស់ហិរញ្ញប្បទានឥតសំណងបន្ថែមនេះ ឱ្យបានល្អបំផុត ឧទាហរណ៍ ដោយផ្តល់អាទិភាពលើការថែទាំសុខ ភាពជាសកល និងការវិនិយោគលើកិច្ចគាំពារសង្គម ដែលអាចកាត់បន្ថយវិសមភាព ដើម្បីសម្រេចបានការងើបឡើងវិញពីជំងឺរាតត្បាតជាសកលនេះប្រកបដោយលក្ខណៈសម ភាព និងកាន់តែមាននិរន្តរ ភាពថែមទៀត ខណៈបច្ចុប្បន្នវិស័យសេដ្ចកិច្ចក្រៅប្រព័ន្ធតំណាងឱ្យ៨៧,៥ភាគរយ នៃសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាយ ការណ៍ថា កំពុងប្រឈមនឹងការបាត់បង់មុខរបរចំនួន ៦ លាននាក់ អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតជាសកល៕

ប្រភព៖ ក្រសួងព័ត៌មាន