ឆមាសទី១នៃឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់
ទេសចរណ៍ August 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។

ទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ រួមមាន៖ ទេសចរថៃ ,ចិន ,វៀតណាម ,ឥណ្ឌូណេស៊ី ,កូរ៉េខាងត្បូង ,សហរដ្ឋអាមេរិក ,ចិនមកពីកោះតៃវ៉ាន់ , ម៉ាឡេស៊ី , ជប៉ុន និងបារាំង។

ដោយឡែក ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។
ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕

ប្រភព៖ ក្រសួងទេសចរណ៍