ប្រសើរណាស់! ត្រឹមឆ្នាំ២០២៧ ដែនសេវាទូរស័ព្ទនឹងមាននៅទូទាំងប្រទេសប្រកបដោយគុណភាព
សេដ្ឋកិច្ច August 10, 2021 Khmernote

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា ក្រសួងប្រៃ សណីយ៍និងទូរគមនាគមន៍ បាននិងកំពុងខិតខំធ្វើយ៉ាង ណា ជំរុញឱ្យការពង្រាយអង់ តែនទូរស័ព្ទនៅទូទាំងផ្ទៃប្រទេស បញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ ដើម្បីធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ មិនថានៅទីជនបទដាច់ស្រយាលឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ថ្លែងក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបានឱ្យដឹងថា តាមផែនការការពង្រាយអង់តែនទូរស័ព្ទនេះ ធ្វើឱ្យបាននូវគ្រប់ឃុំ-ស្រុកទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតផងដែរ ខណៈសព្វថ្ងៃនេះប្រព័ន្ធសេវានៅតំបន់មួយ ចំនួន ពិសេសនៅទីជនបទដាច់ស្រយាល មិនទាន់មានគ្រប់គ្រាន់នៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ដែលកន្លងទៅមានប្រជាពលរដ្ឋយើងរអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសាលើបញ្ហានេះ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះដំណោះស្រាយនេះ ក្រសួងនឹងដាក់ឧបករណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឱ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយជាបន្ទាន់។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឱ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ ឯកឧត្តមថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែនទាំងនោះ មានកម្រិតតិចជាងរហូតដល់១០នៃកំដៅព្រះអាទិត្យ គឺមិនប៉ះពាល់ដល់សុខភាពឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន